រដ្ឋបាលខេត្តព្រះសីហនុប្រកាស់ផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀលដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់

0

ខេត្តព្រះសីហនុ៖ករណីជនជាតិចិនបាត់ខ្លួនចំនួន២៣នាក់ ក្នុងហេតុកាលិចទូកកណ្តាលសមុទ្រ កាលពីថ្ងៃទី​២ ខែ កញ្ញាឆ្នាំ ២០២២ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ បើជួយឬ សង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល អាស្រ័យដូចបាន ជម្រាបជូនខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

គួរបញ្ជាក់ផងដែរថា នាព្រឹក  ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ  ចំណុច និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។  បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាប ចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅ ជួយសង្រ្គោះ ក្នុងនោះ ក្រុមការងារជួយសង្រ្គោះបាន មនុស្សបានចំនួន១៨នាក់ និងបាត់ខ្លួនចំនួន២៣នាក់។

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរង គ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។

ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២ នាក់ជាជនជាតិខ្មែរដែលសង្ស័យថា មានការពាក់ព័ន្ធត្រូវបានឃាត់ខ្លួននិងបានប្រគល់ជូនអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាម នីតិវិធី  ចំណែកទូករក្សាទុកនៅអង្គភាព៕(ដោយនាគសមុទ្រ)