ស្ត្រីម្នាក់ យកប្តីពីរនាក់មករួមរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះមានរឿងរ៉ាវប្តីចុងវាយទៅលេីប្តីដើម ជាមួយនឹងខ្នងកាំបិតផ្គាក់ បណ្តាលឲ្យរបួសបែកក្បាលនៅកំពង់ស្ពឺ

0

កំពង់ស្ពឺ:  ហេតុការណ៍ប្តីចុងវាយប្តីដើមជាមួយនឹងកាំបិតផ្គាក់ បណ្ដាលអោយរងរបួសបែកក្បាលយ៉ាងដំណំ បណ្ដាលអោយមានការភ្ញាក់ផ្អេីល នៅចំណុចក្នុងក្រុមហ៊ុន H L H ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩និង៣០ នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ជនរងគ្រោះ ជាប្តីដើម មានឈ្មោះ យ៉ាង សាវន អាយុ ៥៤ ឆ្នាំ ។ ចំណែកប្តីចុង ជាជនដៃដល់ ឈ្មោះ ព្រិន ផាន់ណា អាយុ ៣៤ ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅអាស្រមគោល ស្ថិតក្នុងភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។ប្តីចុង បានយកកាំបិតផ្គាក់ ដោយប្រើខាងផ្នែកខ្នងកាំបិត វាយទៅលើជនរងគ្រោះ ជាប្ដីដើម ចំក្បាល បណ្ដាលឱ្យ រងរបួសធ្ងន់។ ក្រោយកើតហេតុភ្លាម ប្រពន្ធឈ្មោះ កុល ខិណា អាយុ ៣២ ឆ្នាំ បានដឹកយកប្ដីដើម ទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យ ព្យាលបាលដេរ ជាបន្ទាន់។ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានចុះទៅដល់ កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាល ស្រុកឱរ៉ាល់ ដើម្បីសាកសួរ។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ វាយទៅលើជនរងគ្រោះ ឈ្មោះ យ៉ុង សាវន ត្រូវជាប្ដីមុន របស់ប្រពន្ធខ្លួន ពិតប្រាកដមែន។ មូលហេតុ ជនរងគ្រោះ បង្ករឿងក្នុងគ្រួសារ និងយកកូន រត់ចេញពីអាស្រម កន្លែងស្នាក់នៅ ហើយជនសង្ស័យ ខឹងទ្រាំមិនបាន ទើបឈានដល់ ថ្នាក់ យកកាំបិតផ្គាក់ វាយខាងខ្នង តែម្តងទៅ។ សមត្ថកិច្ចបានកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ វង្ស សុខសុនហាក់