ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះកាត់និងរើមែកឈើ ដែលដួលរលំកាត់ផ្លូវជិត ៣០ដើម ចេញពីផ្លូវជាតិលេខ៦២ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

0

ខេត្តព្រះវិហារ៖ ដើមឈើជិត ៣០ដើម បានរងការបោកបក់ដោយខ្យល់កន្ត្រាក់ ដួលរលំកាត់ផ្លូវជាតិលេខ៦២ ខណៈមេឃកំពុងបង្អុរចុះនូវដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់មនុស្សទូទៅ ។

នៅក្នុងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងការដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមការអនុញ្ញាតពី លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្ត បានចុះកាត់ និងរើមែកឈើ កំណាត់ឈើ ចេញពីដងផ្លូវ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចអ្នកធ្វើចរាចរណ៍ទូទៅ ផងដែរ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឲ្យដឹងថា ដើមឈើចំនួន ២៧ដើម បានដួលរលំកាត់ផ្លូវជាតិលេខ៦២ ដោយសារខ្យល់កន្ត្រាក់ធ្វើឲ្យរលើងគល់ដេកដួលមកលើដងផ្លូវ ត្រង់ចំណុច ចាប់ពីគីឡូម៉ែត្រលេខ99+000 ដល់គីឡូម៉ែត្រលេខ138+000 ស្ថិតនៅក្នុងស្រុកត្បែងមានជ័យ លោកបានចាត់មន្ត្រីជំនាញរបស់មន្ទីរ សហការជាមួយ អាជ្ញាធរស្រុកត្បែងមានជ័យ ចុះកាត់ និងរើដើមឈើទាំង ២៧ដើមនោះ ចេញពីផ្លូវបានរួចរាល់ហើយ ដើម្បីសម្រួលចរាចរណ៍ និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ពិសេស ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕ ដោយ៖ឡុង សំបូរ