អភិបាលស្រុកប្រាសាទសំបូរ អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្ន ពីជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ

0

(កំពង់ធំ)÷ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ លោកវីរៈសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២០នាក់សហការជាមួយប្រជាពលរដ្ឋ លោកមេភូមិ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋនៅភូមិកំពង់ឈើទាល ភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកវីរៈសេនីយ៍ត្រី អ៉ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២០នាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយច្រកដីខ្សាច់ទប់ទឹកជំនន់ ដែលកំពុងហូរកាត់នៅចំណុចពីភូមិកំពង់ឈើទាល ទៅភូមិតាំងក្រងដែលមានចម្ងាយ១.២០០ម៉ែត្រស្ថិតនៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមបង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកប្រាសាទសំបូរ។ ដោយឡែកឃុំតាំងក្រសៅ និងឃុំឈូកបានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេ ដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន។

លោកបានបន្ថែមថាដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់។ ពិសេសសូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងៗតូចៗកុំបណ្ដោយឲ្យលេងទឹក និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។ រដ្ឋបាលឃុំត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។

ជាចុងបញ្ចប់លោកអភិបាលស្រុកក៏បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមជួយកាយលូរដែលស្ទះនៅតាមភូមិឋានរបស់ខ្លួន ដើម្បីជួយសម្រួលការរំដោះទឹកឱ្យបានទាន់ពេលវេលា និងដើម្បីកុំឲ្យមានការកកស្ទះយូរថ្ងៃ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមដងស្ទឹងសែនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកជំនន់នៅតែឡើងជាបន្តបន្ទាប់។