ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទទួលបានអំណោយពីរដ្ឋបាលខេត្តកំពង់ធំ

0

កំពង់ធំ)៖ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក វណ្ណៈសោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បាននាំយកស្បៀងចែកជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពី ៦ភូមិ ស្ថិតក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជាមួយគ្នានេះផងដែរ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ក្នុងស្រុកប្រាសាទបល្ល័ង្ក កម្ពស់ទឹកចាប់ផ្ដើមហក់ឡើងចាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន០៤រួមមាន៖ ឃុំសាគ្រាម ឃុំដូង ឃុំផាន់ញើម និងឃុំក្រយា បង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយឡែក ឃុំសាគ្រាម បានទទួលរងផលប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនចំនួន០៦កន្លែង វត្តអារ៉ាមចំនួន០៣ មណ្ឌលសុខភាពចំនួន០១កន្លែង ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន២៧៥ខ្នង លើភូមិចំនួន០៩ ទឹកលិចផ្លូវកៅស៊ូចំនួន៨,៤០០ ម៉ែត្រ ទឹកលិចផ្លូវលំចំនួន៩,០០០ម៉ែត្រ ទឹកលិចស្ពានចំនួន០៥ និងហូរដាច់ស្ពានចំនួន០១ ស្រូវដែលរងផលប៉ះពាល់ ចំនួន៨១៤ ហិចតា ប៉ះពាល់ដល់ដំណាំស្រូវកណ្តាល៤៧២ហិចតា ដំណាំផ្សេងៗសរុបចំនួន៥៣៣ហិចតា ដំឡូងមីចំនួន៥៣៣ហិចតា ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអោយដឹងថានេះជា អំណោយមនុស្សធម៌ដើម្បីឆ្លើយតបនិងគ្រោះមហន្តរាយទឹកជំនន់ជួយដល់គ្រួសាររងគ្រោះក្នុងឃុំសាគ្រាមសរុបចំនួន ២០០ គ្រួសារ មកពីចំនួន០៦ភូមិ  ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា សូមឱ្យអាជ្ញាធរថ្នាក់ក្រោម ភូមិ ឃុំ ស្រុកទាំងអស់ ធ្វើការផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ស្វែងយល់ពីគ្រោះមហន្តរាយដោយធម្មជាតិ កើតឡើងក្នុងមូលដ្ឋាន ធ្វើយ៉ាងណាអោយពួកគាត់ស្វែងយល់កាន់តែច្បាស់ ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបគ្រប់មជ្ឈដ្ឋាននៅក្នុងស្រុកក្រុងទាំង៩ ឲ្យមានការប្រុងប្រយ័ត្នគ្រោះទឹកជំនន់ដោយយថាហេតុ ជាពិសេសបញ្ហា ជះឥទ្ធិពលខ្លាំងពីខ្យល់ព្យុះណូរុ។ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ស្រុកស្ទោងបានជះឥទ្ធិពលព្យុះណូរុ រហូតបង្កឲ្យមានទឹកជំនន់ មានកម្ពស់កើតឡើងរហូតដល់០.០៤ម៉ែត្រ ចំណែកការប៉ះពាល់យ៉ាងណាក្តីមិនទាន់ដឹងរបាយការណ៍ឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ដើម្បីការពារជំងឺកូវីដ-១៩។