កំណើនប្រជាជននៅរាជធានីភ្នំពេញ ជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន

0

ភ្នំពេញ ៖ កំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ បាន និងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងនៃចំនួនប្រជាជននៅក្នុងរាជធានីភ្នំពេញនេះដែរ បានធ្វើឱ្យតម្រូវការសេវាកម្ម និងសម្ភារៈប្រើប្រាស់ជាច្រើនក៏កើនឡើងដូចគ្នា ដោយក្នុងនោះលំនៅឋានជាកត្តាចាំបាច់មួយសម្រាប់ឆ្លើយតបទៅនឹងកំណើននៃចំនួនប្រជាជន ដែលទាមទារឱ្យមានការអភិវឌ្ឍបន្ថែមដើម្បីបំពេញទៅតាមតម្រូវការ។
បច្ចុប្បន្ននេះ កំណើនប្រជាពលរដ្ឋមករស់នៅរាជធានីភ្នំពេញ ឃើញថាមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយការកើនឡើងនៃចំនួនប្រជាជននៅក្នុងទីក្រុងភ្នំពេញនេះ បានធ្វើឱ្យតម្រូវការលំនៅឋានកើនឡើងជាបន្តបន្ទាប់ដូចគ្នា ហើយអ្នកអភិវឌ្ឍន៍ក៏គួរចាប់ឱកាសក្នុងការពង្រីកការផ្គត់ផ្គង់របស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការ។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KFA Group បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយចំនួនធំមិនទាន់មានផ្ទះជារបស់ផ្ទាល់ខ្លួននៅឡើយទេ និងបន្តជួលផ្ទះគេស្នាក់នៅ ដូច្នេះ ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ននេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ តែការអភិវឌ្ឍក៏ត្រូវមើលទៅលើប្រាក់ចំណូលបស់ប្រជាពលរដ្ឋផងដែរ ថាតើគួរអភិវឌ្ឍន៍ប្រភេទណាដែលស័ក្តិសមនឹងចំណូលរបស់ពលរដ្ឋ ។
លោកឧកញ៉ាបញ្ជាក់ថា ៖ «ការអភិវឌ្ឍខុនដូនៅភ្នំពេញមានកំណើនមែន ប៉ុន្តែមិនអាចផ្ដាច់ចោលនូវការអភិវឌ្ឍផ្ទះជាប់ដីនោះទេ ពោលគឺតម្រូវការទាំងពីរនេះនៅតែមានតម្រូវការខ្ពស់ ហើយវានឹងមានតម្រូវការខ្ពស់បន្ថែមទៀតនៅពេលខាងមុខ ពេលដែលពលរដ្ឋមានប្រាក់ចំណូលមានលទ្ធភាពក្នុងការទិញផ្ទះស្នាក់នៅកាន់តែច្រើន»។
លោកឧកញ៉ាបន្តថា ៖ «ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការលំនៅឋានរាប់ពាន់ល្វែង ហើយក្នុងនោះដែររាជធានីភ្នំពេញជាតំបន់ដែលមានតម្រូវការលំនៅឋានច្រើនជាងគេ និងទាមទារឱ្យមានការអភិវឌ្ឍលំនៅឋានច្រើនជាងគេសម្រាប់បំពេញទៅតាមតម្រូវការជាក់ស្ដែង »។
គួរបញ្ជាក់ផងដែរថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្ដី អ្នកអភិវឌ្ឍន៍លំនៅឋាន នៅតែបន្តពង្រីកគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ហើយក៏មានការគាំទ្រពីប្រជាពលរដ្ឋទិញគម្រោងលំនៅឋានសម្រាប់ស្នាក់នៅ និងខ្លះទៀតទិញទុកវិនិយោគដើម្បីទទួលបានផលចំណេញ ដែលរូបភាពទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានភ្នំពេញគឺនៅតែបន្តមាន៕