កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២

0

អត្ថបទដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ដើម្បីលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែតុលា ដល់កម្លាំងនគរបាលទូទាំងខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការស្តីពីលទ្ធផលការងារដែលសម្រេចបានកាលខែកន្លងមក។និងផ្សព្វផ្សាយអំពីផែនការធ្វើបច្ចុប្បន្នភាព កែសម្រួលសមាសភាពកម្លាំង ចូលនិវត្តន៍ មរណ:ភាព កម្លាំងផ្លាស់ចេញ និង ការប្រែប្រួលចំនួនការិយាល័យបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការដល់ថ្នាក់ដឹកនាំគ្រប់កងឯកភាព ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ បញ្ជីវត្តមាន វិន័យ។ ជម្រុញដល់មន្ត្រីក្រោមឱវាទ បន្តអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បីបំពេញការងារ ភារកិច្ច ប្រដោយគុណភាព និង ឆាប់រហ័ស។

លោកឧត្តមសេនីយទោស្នងការ ក៏បានដាក់ចេញនូវបញ្ជាដល់កម្លាំងនគរបាលទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ពង្រឹងការយាមល្បាត និងត្រូលសភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើសទាំងឡាយដែលអាចកើតមានជាយថាហេតុ។ និងត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យជាដើម។ កម្លាំងនគរបាលប៉ុស្តិ៍ត្រូវជម្រុញឲ្យពលរដ្ឋគ្រប់អាយុ និងពលរដ្ឋផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឲ្យបានគ្រប់គ្នា។ ក្រៅពីនេះត្រូវគ្រប់គ្រងឲ្យបានរាល់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ត្រូវបន្តបង្ក្រាបរាល់បនល្បែងស៊ីសងខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសជួញដូរគ្រឿងញៀន៕