អភិបាលស្រុកស្ទោងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទជំនន់ទឹកភ្លៀង

0

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និង សហការី បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន១២គ្រួសារ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកអភិបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ពិសេស បង្ការខ្លួនកុំឲ្យមានជម្ងឺឆ្លង ជម្ងឺរាតត្បាតផ្សេងៗ។ លើសពីនេះទៀត លោក សាយ គឹមឡម ក៏បានឲ្យប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈក្នុងការស្ដារ និងដាំដុះដំណាំឡើងវិញពិសេសដំណាំជុំវិញផ្ទះដែលបានខូចខាតដោយសារទឹកជំនន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិត ។

ក្នងនោះផងដែរ លោកអភិបាលស្រុកក៏បានអញ្ជើញទៅពិនិត្យមើល ការសិក្សារៀនសូត្រ ថ្នាក់បន្ថែមសម្រាប់ការត្រៀមប្រឡងរបស់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុនសែនចំណារលើ ដែលមានចំនួន២ថ្នាក់ និងសិស្សសរុប ៨១នាក់ ស្រី៥១នាក់ ដែលត្រៀមក្នុងការប្រឡងបញ្ចប់យកសញ្ញាបត្រ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកក៏បានណែនាំដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យអស់ពីសមត្ថភាព ទាំងការរៀនសូត្រដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ការស្វ័យសិក្សានៅផ្ទះ និងរៀនតាមប្រព័ន្ធឌីជីថលជាដើម ដើម្បីឲ្យបានទទួលនូវលទ្ធផល ជាប់ គ្រប់គ្រប់គ្នាប្រកបដោយគុណភាព។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង១២គ្រួសារក្នុងមួយគ្រួសារទទួលបាននូវ÷ អង្ករ០១បេ មី០១កេស និងទឹកត្រី០១យួរ។ សម្រាប់ការបង្រៀនបំប៉នបន្ថែមសម្រាប់ត្រៀមប្រលងរបស់សិស្សថ្នាក់ទី១២នៅវទ្យាល័យហ៊ុន សែន ចំណាលើ ជាការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ប្រធានក្រុមគណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ៕