អាជ្ញាធរខេត្តកំពង់ធំសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន១១២គ្រួសារ

0

កំពង់ធំ÷ ឯកឧត្ដម ឈុន ឈន់ប្រធានក្រុមប្រឹក្សា ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ប្រធានអនុប្រធានមន្ទីរ អភិបាលស្រុក កងកម្លាំងទាំងបី និងសហការីបានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយ របស់រដ្ឋបាលខេត្ត ជូនដល់គ្រួសារចំនួន១១២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពគម្ពោធឈូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះ រសៀលថ្ងៃទី០១ ខែតុលាឆ្នាំ២០២២ ឯកឧត្តម ញឹកបានខេង អភិបាលរងខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់គ្រួសារដែលងាយរងគ្រោះមួយចំនួន។ ដោយសង្កេតឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងជួបនូវការរងគ្រោះដោយទឹកជំនន់ មានការរាំងស្ទះមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាននោះទេ។ ឯកឧត្តមក៏បានបន្តទៀតថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខភាពអនាម័យបីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីការពារជំងឺអសន្នរោគ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ក៏បានមានប្រសាសន៍ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូទសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជានិច្ច មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋមួយណាអត់ស្បៀងអាហារនោះឡើយ។ឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ឬថវិកា ដើម្បីឧបត្ថម្ភដល់គ្រួសារដែលងាយរងគ្រោះ ដោយទឹកជំនន់ ពិសេសគឺកុមារកំព្រា និងជនពិការ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះទឹកកំពុងតែហក់ឡើងខ្លាំង អាចបណ្ដាលឱ្យបាត់បង់ជីវិតដល់មនុស្ស និងសត្វ។គួរបញ្ជាក់ផងដែរថា គ្រួសារទីទ័លក្រ និងរងគ្រោះដោយគ្រោះទឹកជំនន់ចំនួន១១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី និងត្រីខ ៕