ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវដែលលិចលង់នៅស្រុកស្ទោង

0

    (ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី០១ ខែតុលាឆ្នាំ ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាម ជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងប៉ុន្មានថ្ងៃមកនេះបានរងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង ។      ក្នុងដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យស្ថានភាពទឹកជំនន់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រឡាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធចំពោះបង ប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ។ ទោះជាទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរក៏សម្តេច ទាំងពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។

    សូមបញ្ជាក់ថា នាប៉ុន្មានថ្ងៃមកនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ និងជាពិសេស គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកស្ទោង ដោយមានការយកចិត្តទុកដាក់ពី លោក សាយ គឹមឡម អភិបាលស្រុក បានផ្តួចផ្តើមកៀរគរមូលធនពីមជ្ឈដ្ឋាននានាជួយផ្តល់ជាជំនួយសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះបំផុតបានសរុបចំនួន ១១៣២ គ្រួសារ។ ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរខេត្តកំពង់ធំបន្តសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងដំណាក់កាលទឹកកំពុងស្រកទៅវិញនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុកស្ទោង និងធ្វើការចែកជំនួយដល់៥០០គ្រួសារ បន្ថែមទៀតដែលជាជំនួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះមានមី១កេសតូច អង្ករ ២៥គក ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកសុទ្ធ១កេសនៅថ្ងៃទី០២ ខែតុលា  ឆ្នាំ២០២២នេះ នៅសាលាស្រុកស្ទោង។

      ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ពីការសន្និដ្ឋានសភាពការណ៍ថាស្ថានភាពគ្រោះពីជំនន់ទឹក ភ្លៀងនាពេលនេះគឺបានធូរស្រាលជាបណ្តើៗ ហើយចំពោះការខូចខាតក៏មិនមានទំហំធំធេងនោះទេ ។ បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ។

          ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុក ឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយក្រសួង និងមន្ទីរជំនាញ ធ្វើការស្តារឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញ។ អត្តបទ វង្សសុខសុនហាក់