មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ នាំយកអំណោយមេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត

0

ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នា២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមយេនឌ័រ ជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅ កសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់នៅគ្រប់ទីកន្លែង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះមានចំនួន១៤១គ្រួសារ អស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នងមានទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងដីសម្បទានសង្គមកិច្ចចំនួន១៥.០០០ ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងភូមិប្រវែង១២គីឡូម៉ែត្រ មានអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនៅពេលនេះឧត្តមសេនីយ៍ទោសោម ស៊ុននិងក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នីឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គីឡូក្រាម .មីចំនួន១កេស .ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយ ចំនួន ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ ក៏បានទទួលថវិកាមួយចំនួនផងដែរ ។