ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ មានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារទឹកជំនន់

0

កំពង់ធំ÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយ ថ្នាក់ខេត្ត ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកសណាន់ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកសណ្ដាន់។
ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តកំពង់ធំ ថ្លែងថា ទឹកជំនន់នេះ ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើរ និងការប្រកបមុខរបរការងារប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយការចែកអំណោយទាំងនេះ គឺមិនបានចែកគ្រប់គ្នានោះទេ។ ដោយសារអាជ្ញាធរស្រុក ស្រុងយកតែអ្នកដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានការខ្វះខាត ខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជននានា ទាំងថវិកា និងសម្ភារៈ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានជួយសម្រួលចរាចរណ៍ និងដាក់កម្លាំងប្រចាំការនៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកហូរខ្លាំងលើដងផ្លូវ និងតំបន់ផ្សេងៗ ។
ឯកឧត្តម ងួន រតនៈ បន្តទៀតថា នៅចំពោះមុខ រដ្ឋបាលខេត្តបានបន្តស្រង់ទិន្នន័យគ្រប់ក្រុងស្រុក ដើម្បីធ្វើលើខិតស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ជួយផ្ដល់ស្បៀងបន្តទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋតែកំពុងជួបទុក្ខលំបាកដោយសារទឹកជំនន់។ សកម្មភាពទាំងនេះ បានបង្ហាញអំពីកាយវិការមនុស្សធម៌របស់ថ្នាក់ដឹកនាំ ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាល:ទេសៈ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវស្បៀងក្នុងឱកាសនេះ ។
ចុងក្រោយ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀត។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ចំនួន១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធ ៕