អភិបាលខេត្តកំពង់ចាម​ ចូលរួមក្រុង​ពាលីសុំម្ចាស់ទឹក​ ម្ចាស់ដី​ តាមជួយថែរក្សាការពារ ក្នុងពិធីប្រណាំង​ទូក​ និង​ពិនិត្យ​ស្តង់​តាំងពិព័រណ៍​​នានា

0

កំពង់ចាម​:​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមរួមពិធីក្រុង​ពាលីសុំម្ចាស់ទឹក​ ម្ចាស់ដី​ តាមជួយថែរក្សាការពារ ក្នុងពិធីប្រណាំង​ទូក​ និង​ពិនិត្យ​ស្តង់​តាំងពិព័រណ៍​សមិទ្ធផល​របស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងផលិតផលមួយ​ ។

សូម​ជម្រាប​ថា​ ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បង ប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃចេញព្រះវស្សា ព.ស.២៥៦៦ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២.០០នាទី នៅវេទិការអុំទូក ស្ថិត​ក្នុង​ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ដោយនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំង​មាន​ការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ។​

គួរ​បញ្ជាក់​ថា​ សម្រាប់​ទូក​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ប្រកួត​មាន​ចំនួន​ ៤៥ទូក​ ក្នុង​នោះ​ទូកអុំ​បុរស​ខ្នាត​វែង​ ២៤ទូក​ ស្មេីនឹង​ ១២គូ​ និង​ទូក​ខ្នាត​អន្តរជាតិចំនួន​ ២១ទូក​ ស្មើនឹង​ ១០គូ​ ចំពោះ​កម្លាំង​កីឡាករគឺ​ មានចំនួន​ ២២០៥នាក់​ និង​កម្លាំង​ត្រៀមចំនួន​ ៣៧៤នាក់​ សរុប​ ២៥៧៩នាក់​ ចំពោះ​ការ​ប្រណាំង​ទូក​ ង​ និង​ទូក​ខ្នាត​អន្តរជាតិ​ គឺមាន​ចម្ងាយ​ ១៨០០ម៉ែត្រ​ ដែលចាប់ផ្តើម​អុំ​នៅ​ម៉ោង​ ១១​ និង​ ៣០នាទី​ព្រឹក​ ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ​២០២២​ ដោយ​មាន​ការ​ប្រគល់​រង្វាន់​ជ័យលាភី​ លេខ​១​ លេខ​២​ និង​លេខ​៣​ ដោយឡែក​ក្នុង​នោះ​ក៏​មាន​ស្តង់​តាំងពិព័រណ៍​ចំនួន​ ​១០៥ស្តង់​ និង​ការ​ប្រគំតន្ត្រី​​ផង​ដែរ​ ។

ជាមួយគ្នានោះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ទស្សនា​កម្សាន្ត​ ដោយ​សប្បាយ​រីករាយ​ ក្នុង​ពិធី​ប្រណាំង​ទូក​ ង​ ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិពណ៍ និងអុចកាំជ្រួច នៅក្រុង​កំពង់ចាម​ ដែលនឹងប្រព្រឹត្តឡេីងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ​ ឲ្យ​បាន​ច្រើន​កុះករ​ ដោយមានការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ដល់​អ្នក​ស្ម័គ្រចិត្ត​ផងដែរ​ ៕