ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់គ្រីស្ទានលីគរដូវកាលទី០១ឆ្នាំ២០២២ យុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ

0

ប៉ៃលិន៖ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់គ្រីស្ទានលីគ រដូវកាលទី០១ឆ្នាំ២០២២ យុវជនអាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ ខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ ប៊ុត សុធា ប្រធានគណៈកម្មាធិការគ្រីស្ទបរិស័ទខេត្ត និងលោកគ្រូ-អ្នកគ្រូ អាជ្ញាកណ្តាល កីឡាករបាល់ទាត់ ព្រមទាំងទស្សនិកជនជាច្រើននាក់ផងដែរពិធីនេះបានធ្វើនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងគឺដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងបំផុសស្មារតីស្រឡាញ់ចូលចិត្ត និងលេងកីឡាដើម្បីសុខភាពផង។ លោកបានបន្តថា៖ រាល់ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគី ម្ខាងទៀតចាញ់ ទោះបីភាគីណាមួយទទួលបានលទ្ធផលឈ្នះឬចាញ់ក៏ដោយ ក៏វាបានបង្ហាញពីភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ក្រោមការចូលរួមពីស្រទាប់យុវជននៅជុំវិញខេត្តប៉ៃលិន ក៏ដូចជាវិស័យនានានៅក្នុងខេត្ត ដើម្បីញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅបាន ដោយភាពអធិកអធម សប្បាយរីករាយ។ ជាពិសេសដើម្បីត្រៀមឈានទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ប្រទេសកម្ពុជាយើង ក្នុងការទទួលធ្វើ ជា ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ នេះ។
លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន៖ បានមានប្រសាសន៍សម្តែង នូវ ការ អបអរ សាទរ និង ថ្លែង នូវ ការ កោត សរសើរ ដ៏ ស្មោះ ចំពោះប្រធាន គណៈកម្មាធិការគ្រីស្ទបរិស័ទខេត្តប៉ៃលិនទាំង អស់ ដែល បាន ខិតខំ យក ចិត្ត ទុក ដាក់ រួមគ្នា បន្ត ខិតខំ ប្រឹងប្រែង ឱ្យ អស់ ពី លទ្ធភាព ក្នុង ការ ស្វែង រក ដៃ គូ អភិវឌ្ឍន៍ ដើម្បី ជំរុញ សកម្មភាព កីឡា បាល់ទាត់នៅ ក្នុងខេត្ត ឱ្យ មាន ការ រីកចម្រើន ទាំង បរិមាណ និង គុណភាព ស្រប តាម ស្តង់ដារ បច្ចេកទេស ជាតិ -អន្តរជាតិ ឱ្យ ទទួល បាន នូវ ប្រជាប្រិយភាព និង ជ័យជំនះ ក្នុង ពេល អនាគត ដ៏ ខ្លី ខាងមុខ នេះ។ បន្ថែមលើនេះបានអំពាវនាវលើកទឹកចិត្តក្រុមកីឡាករទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន បន្តបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើនផងដែរ។
បើតាមរបាយការណ៍លោកគ្រូ ប៊ុត សុធា ប្រធាន គណៈកម្មាធិការគ្រីស្ទបរិស័ទខេត្តប៉ៃលិន៖ សម្រាប់ការប្រកួតនេះចែកចេញជាពីរក្រុមធំក្រុមបាល់ទាត់U15(មានចំនូន ០៦ក្រុម ដែលបានប្រើរយៈពេល ១០សបា្តហ៍) និងក្រុមបាល់ទាត់U18(មានចំនូន ០៧ក្រុម ដែលបានប្រើរយៈពេល ១៤សបា្តហ៍) ហើយការប្រកួតនេះរើសយកតែថ្ងៃអាទិត្យតែប៉ុណ្ណោះ។ កម្មវិធីបាល់ទាត់បានដំណើរការចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយបានរកឃើញម្ចាស់ជើងឯក ក្រុមបាល់ទាត់U15(ក្រុមបាល់ទាត់ឧត្តមសាម៉ារី មែកជីគ ចំណាត់ថ្នាក់លេខ១ និងក្រុមបាល់ទាត់ឧត្តមសាម៉ារីព្រំ ទទួលបានចំណាត់ថ្នាក់លេខ២) ចំណែកម្ចាស់ជើងឯកក្រុមបាល់ទាត់U18 (ក្រុមបាល់ទាត់ វ៉ាយវ៉ាមព្រាបសB ចំណាត់ថ្នាក់លេខ១ និងក្រុមបាល់ទាត់ KMC បានចំណាត់ថ្នាក់លេខ២) ព្រមទាំងកីឡាករដែលទទួលបានស្បែកមាសចំនួន ២រូបផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន