សែនក្រុងពាលីកសាងអគារសិក្សា១ខ្នងនៅសាលាមត្តេយ្យ២ធ្នូ ទីរួមស្រុកមង្គលបូរី

បន្ទាយមានជ័យ៖អាគារសាលាមតេយ្យ១ខ្នង មានទំហំ ៩ម៉ែត្រ គុណ៣៥ម៉ែត្រ មាន៥បន្ទប់ បន្ទប់នីមួយៗខាងក្នុង ត្រូវបានអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាុយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមង្គលបូរី  ឯកឧត្ដម គោស៊ុំ សារឿត និងលោកជំទាវខាំ ផល្លី កាលពីល្ងាចថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីសែនក្រុងពាលីកសាអគារសិក្សា១ខ្នងនៅសាលាមត្តេយ្យ២ធ្នូ នាភូមិឬស្សីក្រោកឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។

   លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី  លោកប្រធានក្រុមប្រឹក្សា ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុក កញ្ញាមេឃុំ នាយិកា អ្នកគ្រូ ព្រមទាំងមន្ត្រី អ្នកពាក់ព័ន្ធបានចូលរួម ។

    អ្នកគ្រូពេជ្រ នរីផល នាយិកាសាលាមត្តេយ្យ២ធ្នូ នេះ អោយដឹងថា: បច្ចុប្បន្នសាលានេះ មានអគារសិក្សា២ខ្នង តែ១ខ្នងបានចាស់ទ្រុឌទ្រោម ដែលមានសរុប៦បន្ទប់ និងអគារតូចមួយ ជាទីចាត់ការ ដែលគ្រប់គ្រងដោយនាយិកាម្នាក់  អ្នកគ្រូ៩នាក់ និងគ្រូកិច្ចសន្យា២នាក់ និងសិស្សមត្តេយ្យទាំង៣កម្រឹត(ទាប មធ្យមនិងខ្ពស់)ចំនួន២០៩នាក់ ។

អ្នកគ្រូបានបន្តថា : ចំពោះមុខ  សាលាបានខ្វះខាតថ្នាក់រៀនសម្រាប់សិស្ស ហើយជាថ្នាក់ដែលមានស្តង់ដារផង ។

ហេតុនេះ សាលាបានស្នើសុំតាមរយ:អ្នកគ្រូទូច យុគលីន និងលោកវេជ្ជបណ្ឌិតឈួន សុផល   ទៅកាន់ឯកឧត្ដម

ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យក្នុងពិធីស្ថាបនាផ្លូវមួយនៅឃុំតាឡំស្រុកមង្គលបូរីកន្លងមក។

ជាការឆ្លើយតប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានយល់ព្រមតាមសំណើរ  ដោយផ្តល់អំណោយអគារសិក្សា។

ហើយពេលនេះ ឯកឧត្ដមគោស៊ុំ សារឿត អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាុយមានជ័យនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមង្គលបូរី  និងលោកស្រីខាំ ផល្លី បានដឹកនាំសាងសង់ អគារសិក្សា១ខ្នង ធ្វើពីបេតុងប្រក់ក្បឿងថៃ ស្មើនឹង៥បន្ទប់ ។

ដែលក្នុងបន្ទប់និមួយៗ មានថ្នាក់រៀន១ បន្ទប់ទឹក១និងបន្ទប់កុមារសម្រាក១  ស្របតាមស្តង់ដារជាសាលាគោលដៅអាស៊ាន(SBM) នៃគម្រោងJEIP ដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម គោស៊ុំ សារឿត បានណែនាំអោយក្រុមការងារនិងក្រុមជាងត្រូវយកចិត្តទុកក្នុងការសាងសង់អោយបានដំណើរការរលូន មានគុណភាពនិងស្តង់ដារល្អ   ហើយបានទាន់ពេលវេលាដូចគ្រោងទុក។

ពោលគឺអោយរួចរាល់ ទាន់សម្ពោធដាក់អោយប្រើប្រាស់ក្នុងបវេសកាលឆ្នាំសិក្សា២០២៣-២៤ ខាងមុខនេះ ។

  • ឯកឧត្ដម ក៏បា លើកទឹកចិត្តអោយនាយិកា អ្នកគ្រូ មាតាុបិតាសិស្សនិងចៅៗសិស្សានុសិស្សប្រើប្រាសអគារនេះអោយបានចំគោលដៅ មានសារ:សំខាន់ដល់គោលដៅបង្រៀន រៀន និងកសាងធនធានមនុស្ស៕ដោយ៖ឃិន គន្ធា