ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នាំយកអំណោយរាជរដ្ឋាភិបាល​ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំង​ទន្លេ ចំនួន ៤៥៨គ្រួសារ​ នៅស្រុកស្រីសន្ធរ

កំពង់ចាម​:​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២​ បាននាំយកអំណោយ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ចែក​ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំង​សរុបចំនួន ៤៥៨គ្រួសារ​ នៅស្រុកស្រីសន្ធរ​ ខេត្ត​​កំពង់​​ចាម ដោយមានការចូលរួមពីឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ ឯកឧត្តម អ៊ុន ​ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដីជាច្រើនរូបទៀត។

ក្នុងឱកាស​នោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំ​គ្រប់​លទ្ធភាព និង​កៀរគរ​ធន​ធានគ្រប់​បែបយ៉ាងដើម្បី​ជួយ​ដោះ​ស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូន​ដល់​ប្រជា​ពលរដ្ឋ​យើងនៅគ្រប់ទី​កន្លែង​ទាំងអស់​ដែល​រងផលប៉ះពាល់ដោយទឹកជំនន់។ រាជរដ្ឋា​ភិ​បាលបានប្តេជ្ញាចិត្តថា នឹង​មិនទុក​​ឲ្យប្រជា​ពលរដ្ឋ​​ណា​ម្នាក់​ស្លាប់​ដោយការ​អត់អាហារ​ឡើយ។ ​ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមសូមចូល​រួមសោកស្ដាយ​ចំពោះ​ការខាតបង់​ទ្រព្យ ​សម្បត្ដិ​​របស់បងប្អូនក្នុងស្រុកស្រីសន្ឋរ ក៏ដូចជាស្រុកដ៏ទៃទៀតក្នុងខេត្តកំពង់ចាម ដោយសារទឹកជំនន់នេះ​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ទឹកជំនន់ពេល បានកើតមានជាច្រើនប្រទេសលើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងពីទឹកភ្លៀងផង និងជំនន់ទន្លេមេគង្គផង។ ដូចនេះ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឺកជំនន់ និងបាក់ច្រាំងទន្លេ រាជរដ្ឋាភិបាលតែងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដើម្បីជួយសម្រាលការលំបាក់របស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ក៏បានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើស៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅថ្មីៗនេះ ហើយសង្ឃឹមជឿជាក់ថា បងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំ និងអភិវឌ្ឍន៏ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត។ ឯកឧត្តមបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គីជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ, ជាស្នូលនៃការកសាង និងអភិវឌ្ឍន៏ជាតិ, ជាជើងឯកក្នុងការប្រយុទ្ខនឹងជម្ងឺកូវីដ១៩ តាមរយៈយុទ្ឋសាស្ត្រស្រោចវ៉ាក់សាំងនៅគ្រប់តំបន់ទូទាំងប្រទេស។ ហើយឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទ ដ៏ប្រពៃសម្រាប់ប្រជាជាតិខ្មែរ។ ទាំងអស់នេះ គឺជាប្រភពដ៏រឹងមាំក្នុងការពារ ​និងអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ។
គួរ​បញ្ជាក់​ថា​ អំណោយដែលមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងគ្រួសារដែលរងគ្រោះធ្ងន់ចំនួន៥៨គ្រួសារ បន្ថែមថវិកាចំនួន ៣០ម៉ឺនរៀលទៀត​ ៕