អភិបាលខេត្តកំពង់ចាម​ ចែកស្បៀងអាហាររបស់រាជរដ្ឋាភិបាលជូនពលរដ្ឋក្រ១ និងក្រ២ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​កំពង់សៀម​ ​

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញចែកស្បៀងអាហារ របស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដែលរងផលប៉ះពាល់ដោយទឹកជំនន់​ ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​កំពង់សៀម​ ចំនួន​៨០០គ្រួសារ​ ។

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើក​ឡើង​ថា ក្នុងបរិបទជម្ងឺកូវីដ ១៩ អស់រយៈពេល ២ឆ្នាំ ដែលយើងពិតជាមានការលំបាកខ្លាំងណាស់ ទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺយើងបានរួមគ្នា ដើម្បី ចូលរួមទប់ស្កាត់កុំឲ្យជំងឺនោះ ឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះ ក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារនានា ដើម្បី ចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬអ្នកដែលបានឆ្លងជំងឺនោះ ផងដែរ ។ ប៉ុន្តែ ជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើង បានធូរស្រាលពីជំងឺកូវីដ ១៩ ក៏មកជួបប្រទះនឹងគ្រោះទឹកជំនន់ ។ ដូច្នេះហើយ ទើបអាជ្ញាធរ នៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា ចំពោះ បងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភ ជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែ ផងដែរ ដោយកិច្ចការនេះ រដ្ឋាភិបាលមិនទាន់បញ្ចប់ នៅឡើយទេ បើទោះបីជាបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ បានធូស្រាលទៅហើយក្តី ។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ ៖ ទី១.ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ ។ និងទី២.ដោះស្រាយដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាម នៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការប៉ះពាល់ដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
គូសបញ្ជាក់ថា អំណោយស្បៀងអាហារ របស់រដ្ឋាភិបាលកម្ពុជា ដែលឯកឧត្ដម អភិបាលខេត្ត នាំទៅចែកជូនប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ខាងលើ ក្នុង ១គ្រួសារទទួលបាន ៖ អង្ក ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ ៕