ប្រជាពលរដ្ឋចំនួន ១,៦២៤គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ ទទួលបាន ធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពលពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានសហការជាមួយ រដ្ឋបាលស្រុកដំណាក់ចង្អើរ រៀបចំពិធីសំណេះសំណាល និងចែកធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ក្នុងស្រុកដំណាក់ចង្អើរចំនួន១,៦២៤គ្រួសារ​ នៅបរិវេនសាលាស្រុកដំណាក់ចង្អើរ ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកែប​ និងមានការអញ្ជើញចូលរួម ពីលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​ សាខាសមាគមនារីកម្ពុជា​ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ប្រធានក្រុមប្រឹក្សា ស្រុក គណៈអភិបាល ស្រុក តំណាង​កងកម្លាំងទាំងបី​ មន្ទីរ​អង្គភាពជុំវិញខេត្ត​ មន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ​ចូលរួមសរុបប្រមាណ
ជាង១,៦០០នាក់។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានធ្វើរបាយការណ៍បញ្ជាក់ថា រដ្ឋបាលស្រុក ដំណាក់ចង្អើរ បានទទួលធុងចម្រោះទឹកស្អាត ចំនួន ៧៥៧ធុង និងចង្រ្កានសន្សំសំចៃថាមពល ចំនួន ៨៦៧ សម្រាប់ធ្វើការបែកចែកជូនដល់ប្រជាពលរដ្ឋគោលដៅនៅក្នុងស្រុក ដែលមានជីវភាពខ្វះខាត ពុំមានទឹកស្អាតប្រើប្រាស់ និងគ្រួសារដែលនៅប្រើប្រាស់អុស និងធ្យូងតាមរយៈចង្រ្កានប្រពៃណី។
តំណាងក្រុមហ៊ុន ស៊ីបកូ (SIPCO) លោក ចៅ ភារុណ បញ្ជាក់ថា SIPCO ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យប្រឹក្សា អភិវឌ្ឍគម្រោងទៅលើការអភិវឌ្ឍភាពស្អាត ការកាត់បន្ថយការប្រែប្រួល អាកាសធាតុ កាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាន ។ លោកចៅ​ ភារុណ បន្ថែមថា ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុនបានរៀបចំកម្រោង ក្នុងការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្ក្រានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់ខេត្តក្រុង មកដល់ពេលនេះបានចំនួន ៣ខេត្ត ហើយ គឺខេត្តកែប ខេត្តតាកែវ និងខេត្តកំពត ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់គិតគូរ​ ដល់ការលំបាក​ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការនានាជាបន្តបន្ទាប់ សំដៅរក្សាអោយបាននូវលំនឹងសេដ្ឋកិច្ចជាតិ រហូតឈានទៅបើកប្រទេស ឡើងវិញលើគ្រប់វិស័យ។ ឯកឧត្តម​ បន្តថា ថ្ងៃនេះក៏ជាការគិតគូរមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយបានគៀគរ ពីដៃគូអភិវឌ្ឍ សំដៅជួយសម្រួល បន្ថែមទៀតដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ដាច់ស្រយាល ដែលនៅពុំទាន់មានទឹកស្អាតប្រើប្រាស់ ក៏ដូចជាបងប្អូនដែលនៅបន្តប្រើប្រាស់នូវថាមពលអុស ឬធ្យូង ដែលសំភារៈ ត្រូវប្រគល់ជូននេះនឹងជូយសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ រហូតដល់៧០% ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ចៀសវាងអោយបាននូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសសូមអោយបងប្អូនទាំងអស់ កុំទន្ទ្រានកាន់កាប់ដីព្រៃភ្នំ ព្រៃលិចទឹក ក៏ដូចជាចំណីឆ្នេរសមុទ្រ និងចូលរួមផ្តល់ព័ត៌មាន លើបទល្មើសទាំងអស់នេះ ដល់អាជ្ញាធរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ប្រជាពលរដ្ឋចំនួន ១,៦២៤គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ ទទួលបាន ធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល
ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍