អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយម្ចាស់សៃឡូ និងលានហាល ដើម្បីលើកកម្ពស់ទីផ្សារកសិផល

ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយម្ចាស់សៃឡូ និងលានហាល ទទួលទិញកសិផល នៅក្នុងខេត្ត ដើម្បីលើកកម្ពស់ទីផ្សារកសិផល អោយបានកាន់តែល្អប្រសើរឡើង ដែលកត្តាដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាចង់ឲ្យទីផ្សារកសិផលរបស់ប្រជាកសិករ កាន់តែមានភាពល្អប្រសើរឡើង ធ្វើអោយពលរដ្ឋមានជីវភាពធូរធា ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរកទីផ្សារកសិផលជូនប្រជាពលរដ្ឋ ដោយខិតខំរកដៃគូវិនិយោគលើផ្នែកកសិកម្ម ព្រមទាំងលើកកម្ពស់ទីផ្សារកសិផល ឲ្យកាន់តែសម្បូរបែប ដែលនេះជាឱកាសមួយដែលអាចជួយឲ្យប្រជាកសិករ មានភាពងាយស្រួលក្នុងការទិញ-លក់ ដោយមានទីផ្សារស្ថិតស្ថេរ និងច្បាស់លាស់ផងដែរ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញអោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលិតផលខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ជាដើម ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសត្រូវរៀបចំចងក្រងផលិតផលក្នុងស្រុក ដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផល ភូមិមួយផលិតផលមួយ ស្របតាមគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រាប់ឆ្នាំ២០១៦ ដល់ ២០២៦ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ស្ថាប័នជំនាញពាក់ពន្ធ័ ត្រូវខិតខំរកដំណោះស្រាយបញ្ហាទីផ្សារកសិផលជូនប្រជាកសិករ និងបញ្ហាផលប៉ះពាល់បរិស្ថានតាមសៃឡូ ដូចជា៖ ជះក្លិនមិនល្អ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុង អូរ បឹងបួរ បង្កជាផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជាពិសេសមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ត្រូវពិនិត្យមើល ជញ្ជីងថ្លឹងកសិផល នៅតាមទីតាំងទិញ-លក់កសិផល អោយមានភាពសុក្រឹតត្រឹមត្រូវ និងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ជៀសវាងការកេញចំណេញដោយប្រការណាមួយ ដែលធ្វើអោយបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់ជីវភាពរបស់កសិករ ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអាជីវកម្មសៃឡូ (ទិញ-លក់កសិផល) ក្នុងខេត្តប៉ៃលិន មានចំនួន ៤៨ កន្លែង ក្នុងនោះក្រុងប៉ៃលិន មានចំនួន ២៥កន្លែង និងស្រុកសាលាក្រៅ មានចំនួន ២៣កន្លែង ដោយបានចុះបញ្ជីពាណិជ្ជកម្មមានចំនួន ៣៦ កន្លែង មិនទាន់ចុះបញ្ជីមានចំនួន ១២កន្លែង អាជីវកម្មកំពុងដំណើរការមានចំនួន ៣៧កន្លែង និងផ្អាកអាជីវកម្មមានចំនួន ៩កន្លែងផងដែរ ៕ដោយ ភ្នំខៀវ ប៉ៃលិន