អភិបាលស្រុកស្ទោង ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលសហការ រុះរើសំណង់ផ្សេងៗដើម្បីធ្វើផ្លូវកៅស៊ូថ្មី

(កំពង់ធំ)÷ នៅថ្ងៃទី២៤ ខែវិច្ឆិកា  ឆ្នាំ២០២២
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ មើលការរុះរើសំណង់ផ្សេងៗ ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនៅលើដីចំណីផ្លូវអមសង្ខាងផ្លូវ មាត់ស្ទឹងស្ទោងពីឃុំកំពង់ចិនត្បូងរហូតដល់ឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមាន ស្មារតីភ្ញាក់រឭក ក្នុងការសហការជាមួយរដ្ឋបាលស្រុកស្ទោង ដើម្បីរុះរើសំណង់ផ្សេងៗដែលខ្លួនបានសាងសង់នៅលើដីចំណីផ្លូវ ដើម្បីឲ្យរដ្ឋបាលស្រុក មានលទ្ធភាពសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ក្នុងការកសាងផ្លូវកៅស៊ូមួយខ្សែ ជាផ្លូវខេត្ត លេខ២៦៥Dប្រវែង០៥គីឡូម៉ែត្រ ដែលមានខ្នងលើ០៧ម៉ែត្រ និងជើងទេម្ខាង១.៥ម៉ែត្រ  ក្រាលកៅស៊ូDBST។

ជាមួយគ្នានេះដែរ លោក អភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវធ្វើសេចក្ដីណែនាំនិងជូនដំណឹងឲ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅសង្ខាងផ្លូវនេះហើយមិនទាន់បានរុះរើ ដើម្បីឲ្យពួកគាត់សហការក្នុងការរុះរើ សំណង់ផ្សេងៗ ដែលប៉ះពាល់នៅសងខាងផ្លូវ ឲ្យបានទាន់ពេលវេលាផងដែរ ។

លើសពីនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពីរឃុំ សូមស្វាគមន៍និងសាទរយ៉ាងក្រៃលែងបំផុត ដែលលោកអភិបាលស្រុក មានការដុតដៃដុតជើងយកចិត្តទុកដាក់ក្នុងការសហការជាមួយជំនាញពាក់ព័ន្ធដើម្បី ដើម្បីកសាង ផ្លូវលេខ២៦៥Dនេះឲ្យបានចេញរូបរាងឆាប់ឆាប់ពិសេស គឺដើម្បីឲ្យពួកគាត់ បានប្រើប្រាស់និងដឹកជញ្ជូនកសិផលបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថាផ្លូវ២៦៥D នេះកំពុងតែចាប់ផ្តើមសាងសង់ ហើយនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ខែកុម្ភៈឆ្នាំ២០២៣ខាងមុខ ដែលជាគម្រោង សាងសង់របស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តកំពង់ធំសហការជាមួយនឹងរដ្ឋបាលស្រុកស្ទោង។