អភិបាលខេត្តព្រះវិហារ បានចូលរួមក្នុងការផ្តល់ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាគ្រោះថ្នាក់ផ្សេងៗ និងដើម្បីចូលរួមទ្រទ្រង់ក្នុងវិស័យមនុស្សធម៌

0

ខេត្តព្រះវិហារ៖ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត ​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជាខេត្ត ស្រុក អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ១៧៧ អង្គ/នាក់ បាននិមន្ត និងចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលបណ្តាលមកពីកត្តាគ្រោះថ្នាក់ផ្សេងៗ និងដើម្បីចូលរួមទ្រទ្រង់ក្នុងវិស័យមនុស្សធម៌ ផងដែរ ។

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានធ្វើឡើងក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់» នាថ្ងៃទី២៥វិច្ឆិកាម្សិលមិញនោះ បានធ្វើឡើងក្រោមវត្តមាន អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី នៅក្នុងបរិវេណវត្តច័ន្ទនិមិត្ត ស្ថិតនៅក្នុងភូមិ រវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដោយសម្តែងនូវសមានចិត្តរីករាយយ៉ាងក្រៃលែង ចំពោះការនិមន្ត និងបានអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជាខេត្ត ស្រុក អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ នៅក្នុងពេលនេះ។

លោក គីម រិទ្ធី បានថ្លែង ចាត់ទុកការចូលរួមក្នុងការផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់» នាពេលនេះ គឺជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ព្រោះត្បិតការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាច ផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែក ខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាមជាចាំបាច់។

លោក គីម រិទ្ធី បានបញ្ជាក់ថា ការផ្តល់ឈាម គឺអាចជួយកាត់បន្ថយហានិភ័យ នៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗជាច្រើនទៀត ហើយក៏ទទួលបានការកោតសរសើរ និងមានឈ្មោះថាជាអ្នក «ជួយសង្គ្រោះជីវិតមនុស្ស»ជាពិសេសជាងនេះទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម នឹងមានភាពងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារត្រូវការឈាមបន្ទាន់។ ចំពោះឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ត នាពេលនេះ គឺមានចំនួន ៨៦កំប្លោក ក្នុងចំណោមអ្នកចូលរួម ១៧៧អង្គ/នាក់៕ដោយ៖ឡុង សំបូរ