ពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តវិបស្សនារាមហៅវត្តវល្លិយាវស្រុកកំពង់

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តវិបស្សនារាមហៅវត្តវល្លិយាវ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការនិមន្តចូលរួមជាអធិបតី ព្រះតេជគុណ សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះទេពសេដ្ឋាបារមីព្រះមេគុណខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ព្រះតេជគុណ ហៀក សុខមុន្នី ព្រះគ្រូចៅអធិការវត្ត មានសង្ឃដិកា ពីប្រវត្តិវត្តវល្លិយាវ បានសាងសង់ក្នុងឆ្នាំ១៩២៥ ដែលជាវត្តចំណាស់ មានអាយុកាលជាង១០០ឆ្នាំមកហើយ សមិទ្ធផលនានា ដែលបានកសាងឡើងអស់ជាច្រើនម៉ឺនដុល្លារ ដោយឡែកសាលាពុទ្ធិកបឋមសិក្សា ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ មានទំហំ២៥ម៉ែត្រគុណនិង ៩ម៉ែត្រ និងបំពាក់គ្រឿងសង្ហារឹមមួយចំនួន ដែលមានតម្លៃជាង១៨០លានរៀល។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនានៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន មានការរីកចម្រើនយ៉ាងឆាប់រហ័ស វត្តអារាមត្រូវបានកែលម្អរ និងគោរពប្រនិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមវិស័យព្រះពុទ្ធសាសនា វត្តអារាមប្រៀបបាននិងកន្លែងអប់រំចិត្តមនុស្ស និងជាវិទ្យាល័យបង្រៀនឲ្យមនុស្សចេះអត់អោនអធ្យាស្រ័យ ធ្វើអំពើល្អ នាំមកនូវសេចក្តីសុខដល់ក្រុមគ្រួសារ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពនូវកម្លាំងសទ្ធាជ្រះថ្លា របស់ព្រះតេជគុណព្រះគ្រូចៅអធិការវត្ត ដែលបានខិតខំកសាងសមិទ្ធផលនានាក្នុងវត្ត ឲ្យមានការរីកចម្រើន ក្នុងនោះមហាជនមានការគោរពដោយជ្រះថ្លាបំផុត នូវសកម្មភាព របស់ព្រះគ្រូចៅអធិការវត្ត ខិតខំដឹកនាំកសាងសមិទ្ធិផល ប្រកបដោយសាមគ្គីភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកពី ក្នុងរបបសម័យប៉ុលពត វត្តអារាមនិងព្រះសង្ឃត្រូវបានចាប់ផ្សិក វត្តអារាមត្រូវបានបំផ្លាញចោល ប្រើអំពើព្រៃផ្សៃ បង្ខំឲ្យធ្វើការជាទម្ងន់ សម្លាប់មនុស្សដោយគ្រាប់អង្ករ ក្នុងរយះពេល៣ឆ្នាំ៨ខែ២០ថៃ្ង ប្រជាពលរដ្ឋខ្មែរ ត្រូវបានសម្លាប់ជាង៣លាននាក់ ក្នុងឳកាសនោះប្រជាពលរដ្ឋបានលើកដៃ បន់ស្រន់ទេវតាឲ្យមកជួយ ទីបំផុតទេវតាបាច់ផ្កាបានជួយដល់ប្រជាពលរដ្ឋខ្មែរដូចបំណងដើម្បីឲ្យរួចផុតពីរបបអាវខ្មៅនេះ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វាយរំដោះក្នុងឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរមានសេចក្តីត្រេតអរ ដោយបានរស់រានមានជីវិតឡើងវិញ រហូរមកដល់ឆ្នាំ២០២២នេះ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតសម្តេចតេជោ ធ្វើឲ្យមានការរីកចម្រើនឡើងវិញគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ បច្ចុប្បន្ន មានវត្តអារាមជាង ៤.៩០០ វត្ត ព្រះសង្ឃជាង៧៥.០០០ អង្គ កំពុងប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធសាសនា ដោយសារប្រទេសជាតិយើងស្ថិតក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍ។ ដោយ ប៊ុន រដ្ឋា