អតីតយុទ្ធជនសោធននិវត្តន៍ ស្រុកកំពង់ស្វាយ បានទទួលខ្នងផ្ទះទី២២៥ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

0

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី បានអញ្ជើញប្រគល់ខ្នងផ្ទះទី២២៥ ជូនលោកនាយចំណង់ហួត រិទ្ធ អតីតយុទ្ធជនសោធននិវត្ត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាម រយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ នៅសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោក អ៊ុត វណ្ណរ៉ា ប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់សុខទុក្ខនិងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត និងអគុណ ឧត្ដមសេនីយ៍ទោសោម ស៊ុន ដែលបានរួមសុខរួមទុក្ខផ្សាភ្ជាប់ជាមួយនិង អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ដោយមិនទុកឲ្យបងប្អូនអតីតយុទ្ធជនណាម្នាក់ រងទុក្ខដោយមិនបានមើលថែរនោះឡើយ។
លោកហួត រិទ្ធ អាយុ៤៧ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩៣ នៅអង្គភាពកងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលនិវត្តន៍តាមការកំណត់ឆ្នាំ២០២០ មានភរិយានិងកូននៅក្នុងបន្ទុក៥នាក់ មានមុខរបរធ្វើស្រែ និងដាំដំណាំរួមផ្សំដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ គួបផ្សំនិងប្រាក់បៀវត្សប្រចាំខែ មានជីវភាពរស់នៅលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះជូន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ដែលជាខ្នងផ្ទះទី២២៥ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ និងបានឧបត្ថម្ភ ជាអំណោយឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកនាយចំណង់ ហួត រិទ្ធ និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត ៕
ដោយ ប៊ុន រដ្ឋា