ខេត្តប៉ៃលិន ប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២២

0

ប៉ៃលិន)៖ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ខេត្តប៉ៃលិន ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងប៉ៃតង” ស្ថិតក្រោម អធិបតី ភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែល មាន ការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ មន្ទីរ-អង្គភាពនានា ស្ថាប័ន ជុំវិញ ខេត្ត ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ យុវជនសហភាពសហព័ន្ធកម្ពុជាយុវជនកាកបាទក្រហម សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប។
លោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានអោយ ដឹងថា៖ ក្នុងនោះរដ្ឋបាលក្រុងប៉ៃលិនក៍ទទួលបានថវិកាអនាម័យ ប្រចាំឆ្នាំពីក្រសួងបរិស្ថានដែរ ហើយបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន រ៉ាត់ សុទ្ធី ខូអិលធីឌី ដែលកំពុងផ្តល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងក្រុងប៉ៃលិន និងដោយឡែកស្រុកសាលាក្រៅ បានចុះកិច្ចសន្យា បណ្តោះអាសន្ន ជាមួយក្រុមហ៊ុន ពៅ ថារឿន ដើម្បីផ្ដល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងស្រុកសាលាក្រៅ ហើយបរិមាណសំរាមដែលបង្កើតបានសរុបមានចំនួន ៣៣ តោនក្នុងមួយថ្ងៃ ក្នុងនោះមានបីប្រភេទ៖១.បរិមាណសំរាមដែលអាចកែឆ្នៃបាន ៧តោនក្នុងមួយថ្ងៃ =១២% ,២.បរិមាណសំរាមចាក់នៅទីលានមានចំនួន ១៨តោនក្នុងមួយថ្ងៃ =៦៧%,និង៣.បរិមាណសំរាមចាក់ចោលដោយខុសច្បាប់ ៨តោនក្នុងមួយថ្ងៃ =២១%ផងដែរ។
ក្នុងឪកាសនោះដែរលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ទិវា នេះ ប្រារព្ធ ឡើង ក្នុង គោលបំណង លើកកម្ពស់ ការអប់រំផ្សព្វផ្សាយនិង ជំរុញ ចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់សិស្សនិស្សិតឱ្យចូល រួម ធ្វើ អនាម័យ កែលម្អ សោភ័ណភាព ទីក្រុងភូមិឋាន វត្ត អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌល សេដ្ឋកិច្ច ដើម្បី រួមចំណែក ធ្វើអោយ ខេត្តប៉ៃលិន មាន អនាម័យ បរិស្ថាន ស្អាត និង ភាព ទាក់ទាញ ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ជាពិសេសក្រោមការដឹកនាំដ៏ពិន ប្រសព្វ ឆ្នៃ ប្រឌិនរៀបចំតុបតែងកែលំអរសោភ័ណ្ឌភាពខេត្តឲ្យស្រស់បំព្រង របស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ហើយក៍ជាការចូលរួមក្នុងសកម្ម ភាពប្រឡងប្រណាំងទីក្រុងស្អាត និងចលនាប្រឡងប្រណាំងភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។
នៅក្នុងឱកាសនោះផងដែរលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ ក្នុងការបំផុសការយល់ដឹង និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានមេត្តាជួយចូលរួមចំណែកក្នុងការទុកដាក់ និងញែកសំរាម និងសំណល់រឹង ទីប្រជុំជន ឱ្យមានសណ្តាប់ធ្នាប់នៅក្នុង និងជុំវិញបរិវេណអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ភាពស្រស់បំព្រង អនាម័យស្អាត បរិស្ថានស្អាត និងបរិយាកាសបរិសុទ្ធ នៅទីតាំងអាជីវកម្ម ទីកន្លែងកំសាន្ត អាហារដ្ឋាន សណ្ឋាគារ នឹងទាក់ទាញ អតិថិជន និងភ្ញៀវទេសចរណ៍ ឱ្យចូលមកលេងកាន់តែច្រើន ដូច្នេះម្ចាស់អាជីវករទាំងអស់ ត្រូវគិតគូរពីអនាម័យជាបញ្ហាអាទិភាពផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន