អបអសាទរ ពិធីអហារូបត្ថម្ភថ្នាក់ស្រុក ក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” ប្រារព្វនៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ឃុំប្រឡាយ

(កំពង់ធំ)÷ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សយ អ៊ឹង អគ្គលេខាធិការរង នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បាននៅអញ្ជើញជា អធិបតីក្នុងពិធីអបអសាទរ ពិធីអហារូបត្ថម្ភថ្នាក់ស្រុក ក្រោមប្រធានបទ ” ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងូមិគោករវៀង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសើនេះ ឯកឧត្តម សយ អ៊ឹង បានមានប្រសាសន៍ថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា។ ម្ហូបអាហារមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ ការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងសង្គមបានធ្វើឱ្យប្រជាជនផ្លាស់ប្ដូររបៀបរបបរស់នៅ ការហូបចុកដោយផ្លាស់ប្ដូរពីការហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព ។
យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេស ដោយផ្ដោតលើសកម្មភាពជាច្រើនដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ ការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព
ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ក្នុងនោះយុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនេះ ត្រូវបន្តធ្វើ
ដូចភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយជូនប្រជាជនកម្ពុជាគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃ
សុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារមានសុវត្ថិភាពប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្ម
ម្ហូបអាហាររបស់យើងត្រូវបានគោរពទៅតាមគោលការណ៍ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និង
និរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ត្រូវចូលរួមបំផុសស្មារតីគាំទ្រការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងអំឡុង០៦ខែដំបូង និងការបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានរហូតដល់កុមារអាយុយ៉ាងតិចបំផុត០២ឆ្នាំ។

ជាមួយនេអផងដែរឯកឧត្តម ព្រឹម រដ្ឋា បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន យុវជន និង ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ប្រព័ន្ធស្បៀង ដើម្បីយើងខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងបញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារទៅក្នុងគោលនយោបាយសុខភាពសាធារណៈ សំដៅកាត់បន្ថយជំងឺនានាមួយចំនួនបង្កឡើងដោយម្ហូបអាហារមិនមានសុវត្ថិភាព។ ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជួយសម្រួលឱកាសធ្វើ ពាណិជ្ជកម្មអាជីវកម្មម្ហូបអាហារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។