អាជីវករលក់ដូរក្នុងផ្សារលើសំណូមពរលោកអភិបាលខេត្តកំពង់ឆ្នាំជួយអន្តរាគមន៍មានអ្នកវាស់ម៉ែត្រដីចញ្ចើមផ្លូវលក់ជុំវិញផ្សារយ៉ាងអាណាធិបតេយ្យ

0

កំពង់ឆ្នាំង: ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារលើ ក្រុងកំពង់ឆ្នាំងបាន ត្អូញត្អែជាខ្លាំងដោយសារតែការលក់ដូរមិនដាច់ គ្មានមនុស្សចូលក្នុងផ្សារ គឺមកពី មានអ្នកយកផ្លូវដែលក្រាលការ៉ូឡាជុំវិញផ្សារ កសាងដោយក្រុមហ៊ុន ជប៉ុនសម្រាប់ ការធ្វើដំណើរនឹងរថយន្តចេញចូល  វាស់ម៉ែត្រ លក់ ឱ្យមានការសង់តូបថ្មី លក់ដូរជុំវិញពីខាងក្រៅផ្សារ។

ក្រុមអាជីវករលក់ដូរក្នុងផ្សារលើ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានរៀបរាប់ថា  ចាប់តាំងពីមានការវាស់ម៉ែត្រលក់លើចញ្ចើមផ្លូវជុំវិញផ្សាររួចមក អ្នកលក់ដូរខាងក្នុងគឺលក់មិនដាច់សោះឡើយ។ព្រោះតែអ្នកទិញមិនចូលក្នុង ដើរទិញនៅតែខាងក្រៅ ដែលងាយស្រួលជិះម៉ូតូកង់ ចូលទិញដល់តូបតែម្ដង។ ចំណែកអ្នក លក់ដូរ នៅខាងក្នុងផ្សារ វិញត្រូវបានគេដាក់ ច្រវ៉ាក់ចាក់សោមិនឲ្យកង់ម៉ូតូចូលឡើយ ដោយសំអាងលើការរៀបចំសណ្ដាប់ធ្នាប់ ។ ពួកគាត់ជាច្រើននាក់បានសំណូមពរដល់លោកអភិបាលខេត្ត និង លោកអភិបាលក្រុង មេត្តាជួយចាត់វិធានការរៀបចំសណ្ដាប់ធ្នាប់ផ្សារឲ្យដូចដើមវិញផង ព្រោះបច្ចុប្បន្ននេះអ្នកក្នុងផ្សារស្ងាត់ឈឹងម្នាក់ៗស្ទើរដាច់បាយទៅហើយ។

ជុំវិញបញ្ហានេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុង កំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា លោកយល់ពីបញ្ហានេះហើយ  ហើយក៏បានឯកភាពជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីសម្រួលក្នុងការបើកផ្លូវសងខាងឡើងវិញជាជំហានទី១  ព្រោះបើមិនបើកផ្លូវឲ្យបានចេញចូលទេ ប្រសិនបើមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាអគ្គីភ័យកើតឡើង ឡានទឹកមិនអាចចេញចូលបានឡើយ។ចំណែកជំហានទី ពីរ នឹងត្រូវឲ្យពួកគាត់ដែលលក់ ដូរនៅតាមផ្លូវជុំវិញចញ្ចើមផ្សារត្រូវ ចេញជាបណ្ដោះអាសន្ន ទៅលក់នៅទីតាំងថ្មី ។ បន្ទាប់មក ត្រូវស្ដារប្រព័ន្ធលូរំដោះទឹកឡើងវិញ ដោយក្រុមហ៊ុន ដែលរៀបចំ ចម្រោះទឹកស្អាត ។ពេលរៀបចំរួចហើយទើបឱ្យពួកគាត់ចូលលក់ដូរវិញដោយរៀបចំសណ្ដាប់ធ្នាប់ ជាថ្មីឡើងវិញឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ដែរថា ភាពអាណាធិបតេយ្យរបស់អ្នកយកភាស៊ីផ្សារលើ បង្កឲ្យមានភាពរញ៉េរញ៉ៃជាយូរខែឆ្នាំណាស់មកហើយ ដោយសារតែបញ្ហាក្រោយពីកហរុមហ៊ុនជប៉ុនធ្វើផ្លូវកា្រលការ៉ូឡាហើយស្រាប់តែបើកដៃឲ្យអាជីវករចូលលក់ដូរយ៉ាងអាណាធិបតេយ្យ  ហើយអ្នកបានដី បានបន្តលក់កន្លែង បន្តពីម្នាក់ទៅម្នាក់ រហូតផ្លូវក្លាយទៅជាតូបលក់ដូរ បាត់បង់ផ្លូវបាត់បង់សណ្ដាប់ធ្នាប់ អស់ទៅហើយ។ចំណែកឯអ្នកលក់ដូរខាងក្នុងផ្សារវិញមានភាពស្ងាត់ជ្រងំ ម្នាក់យំលែងចេញ ចំណែក អ្នកមានសមត្ថភាពរត់មកទិញដីក្រៅផ្សារលក់ដូរដែរ ទើបបង្កជាបញ្ហាបែបនេះ៕