កិច្ចប្រជុំពិភាក្សារៀបចំយន្តការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២

0

(ខេត្តកំពង់ធំ): ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតន: បានដាក់នៅយន្តការនានា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន តាមរយៈការការពារសុវត្ថិភាពនៃការដឹកជញ្ជូន និងការរក្សាទុកដាក់ប្រធានវិញ្ញាសា និងសន្លឹកកិច្ចការបេក្ខជន ការចាត់ចែងកម្លាំងប្រចាំការ និងចល័តនៅតាមមណ្ឌលប្រឡងនានា ការរក្សាសុវត្ថិភាពបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា ការសហការដកហូតសំណៅឯកសារ និងការក្សាទុកដាក់សម្ភារៈនានា ពិសេសការសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមកប្រឡង ។

ឯកឧត្តមបន្តទៀតថា ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡងមកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង ស្រុក ក្នុងនាមជាម៉ែឪ ត្រូវការពារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ និងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានដែលមានផ្ទះនៅជិតមណ្ឌលប្រឡង ឬពិធីបុណ្យផ្សេងៗជាដើម មិនត្រូវបង្កឲ្យមានសំឡេងរំខាន ដល់មណ្ឌលប្រឡងនោះទេ។  ម្យ៉ាងវិញទៀតចំពោះសិស្សក្រីក្រដែលមិនមានលទ្ធភាពមកប្រឡងបាក់ឌុប អាជ្ញាធរក្រុងស្រុក ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅឲ្យបានសមរម្យ ។  ចំពោះការផ្ញើកង់ឬម៉ូតូរបស់សិស្សគឺមិនតម្រូវឲ្យយកលុយនោះទេ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំ មាន ១២មណ្ឌលប្រឡង ស្មើនឹង ២២៤បន្ទប់ ក្នុងនោះមាន៖ ផ្នែកវិទ្យាសាស្ត្រ៖ មាន២មណ្ឌល ៥៣បន្ទប់ មានបេក្ខជនសរុប ១៣០៦នាក់ ស្រី ៧៨o នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន ១០មណ្ឌល មាន១៧១បន្ទប់ បេក្ខជនសរុប ៤២៦០នាក់ ស្រី ២២៩៥ នាក់ ។