ខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តសានទុងចិន ជំរុញបង្កើនការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធ និងរឹងមាំ ក្រោមការចុះហត្ថលេខារួមគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

0

ខេត្តស្ទឹងត្រែង៖ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តស្ទឹងត្រែង កម្ពុជា លោក តៃ សារាត បានដឹកនាំមន្ត្រីខេត្តស្ទឹងត្រែង បើកកិច្ចពិភាក្សារួមគ្នាជាមួយ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក គុយ ហុងទូ ប្រធានស្ដីទី ការិយាល័យបរទេសក្រុងពីនចូវ នៃខេត្តសានទុង ស្តីពីការចុះហត្ថលេខា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ គឺខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តសានទុងចិន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចពិភាក្សានោះ បានធ្វើឡើងតាមរយៈប្រព័ន្ធZoom ។

នៅក្នុងកិច្ចពិភាក្សានោះ រដ្ឋបាលខេត្តស្ទឹងត្រែង កម្ពុជា និងក្រុងពីនចូវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន បានរកឃើញកិច្ចព្រមព្រៀងរួមគ្នាមួយ គឺការចុះចុះហត្ថលេខា លើការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងពីនចូវ ខេត្តសានទុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ។

ប្រធានស្ដីទីការិយាល័យបរទេសក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន លោក គុយ ហុងទូ បានថ្លែងថា ដោយអនុលោមតាមគោលការណ៍ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងមិត្តភាព និងលើកកម្ពស់ការយោគយល់គ្នា រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងរួមគា្នបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរឹងមាំ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តស្ទឹងត្រែង កម្ពុជា លោក តៃ សារាត  បានថ្លែង ចាត់ទុកព្រឹត្តិការណ៍នៅក្នុងថ្ងៃនេះ គឺបានបង្ហាញពីលទ្ធផល ដែលទទួលបានពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ លើការបង្កើតគោលបំណង់ផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាព រវាងខេត្តស្ទឹងត្រែងកម្ពុជា និងក្រុងពីនចូវ ខេត្តសានទុងចិន ពីសំណាក់ថ្នាក់ដឹកនាំក្រុង នៃខេត្តទាំងពីរ ពិសេសក្រោមការផ្តួចផ្តើម និងជ្រោមជ្រែងពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងជីណាន ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានការគាំទ្រពីក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយអនុលោមតាមគោលការណ៍ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានរួចមកហើយ។

លោក តៃ សារាត បានបញ្ជាក់ថា ការចុះហត្ថលេខារួមគ្នា រវាងកម្ពុជា-ចិន នាថ្ងៃនេះ គឺមានសារៈសំខាន់បំផុត ព្រោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីឆន្ទះក្នុងការចូលរួមជំរុញ លើកទឹកចិត្ត និងការគាំទ្រដល់ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្ត និងក្រុង នៃប្រទេសទាំងពីរកម្ពុជា-ចិន៕ដោយ៖ឡុង សំបូរ