ជនជាតិអង់គ្លេសម្នាក់ បានស្លាប់យ៉ាងអាថ៌កំបាំង ដោយគ្មានប្រភពអះអាងអំពីមូលហេតុ

ខេត្តបាត់ដំបង ÷ បុរសជនជាតិអង់គ្លេសម្នាក់ ដែលមានភរិយាជាស្ត្រីខ្មែរ និងមានកូនម្នាក់ទៅហើយនោះ បានសម្លាប់ខ្លួនយ៉ាងអាថ៌កំបាំងជាទីបំផុត ដោយសារតែក្រុមគ្រួសារ សាច់ញាតិ គ្មានការបំភ្លឺអំពីហេតុការណ៍ដែលបានកើតនាពេលកន្លងមក ដល់សមត្ថកិច្ចដើម្បីជាទុនក្នុងការស្រាវជ្រាវរកដើមចម នៃការសម្លាប់ខ្លួននេះអោយដឹងថា វាពិតជាគ្មានពាក់ព័ន្ធដល់ករណីឃាតកម្ម។
ហេតុការណ៍នេះ បានដឹងនៅវេលាម៉ោងប្រហែល ៩ និង ២០នាទី ព្រឹក ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯសាកសពមានឈ្មោះ JONATHAN STOCK ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ538839192 មុខរបរគ្រូបង្រៀន។
តាមការបំភ្លឺពីសំណាក់ស្ត្រីដែលជាភរិយាឈ្មោះ វណ្ណ កញ្ចណា អាយុ៣៩ឆ្នាំ បានបញ្ជាក់ថា នៅថ្ងៃទី៣០ វិច្ឆិកា ២០២២ វេលាម៉ោង៦និង១៥នាទី ខ្លួនបានដាស់កូនអោយរៀបចំស្លៀកពាក់ និងជូនកូនទៅសាលារៀនចិន ចំណែកប្តីនៅសុំដេកបន្តទៀតតែម្នាក់ឯង ពេលជូនកូនដល់សាលាហើយ ខ្លួនបានទៅញ៉ាំគុយទាវ នៅវត្តលៀប និងទៅទិញម្ហូបនៅផ្សារថ្មី លុះដល់ម៉ោង០៩ និង២០នាទី ខ្លួនបានមកដល់ផ្ទះ បានបើកទ្វារឃើញក្បាលប្តីមានរុំថង់ប្លាស្ទិចព៌ណខ្មៅ ត្រឹម.ក  ខ្លួនក៏បានស្រាយថង់ចេញ ហើយបានធ្វើចលនាសង្កត់ទ្រូងតែប្តីខ្លួនបានស្លាប់បាត់ទៅហើយ ទើបខ្លួនបានតេទូរស័ព្ទប្រាប់ប្អូនថ្លៃ និងម្តាយក្មេក ឪពុកក្មេក អោយបានដឹង ។
ក្រោយធ្វើការត្រួតពិនិត្យពីសំណាក់កម្លាំងការិយាល័យជំនាញរួចមក សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សព ឈ្មោះ JONATHAN STOCK ភេទប្រុស អាយុ៣៤ឆ្នាំ ស្លាប់ដោយធ្វើអត្តឃាតយកថង់ប្លាស្ទិចចងរុំក្បាលថប់ផ្លូវដង្ហើម ដោយឡែកមូលហេតុផ្សេងៗ នៃដើមចមគឺមិនមានក្រុមគ្រួសារ ឬសាច់ញាតិណាម្នាក់ បកស្រាយដល់សមត្ថកិច្ចឡើយ។ ហើយបច្ចុប្បន្ននេះ សពត្រូវបានប្រគល់អោយសាច់ញាតិហើយដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ : ព្រាប.ស