ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិខេត្តព្រះវិហារ និងសហការីជិត ៦០រូប បានសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

0

ខេត្តព្រះវិហារ៖ ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជា ឧត្តម ដែលជាអតីតថ្នាក់ដឹកនាំអតីត គណបក្សសង្គ្រោះជាតិ ក្នុងខេត្តព្រះវិហារ និងសមាជិក សមាជិកា ៥៨រូប បានស្ម័គ្រចិត្តសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋាន និងការកសាងប្រទេសជាតិ ឈានឆ្ពោះទៅរកភាពជឿនលឿន និងរីកចម្រើនបន្ថែមទៀត។

ពិធីប្រកាសបញ្ចូល ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជា ឧត្តម និងសហការី សរុប ៥៨រូប ជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោក ផេង គីមស្រ៊ុន ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក អ៊ុក គឹមសាន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។

ជំនួយការផ្ទាល់សម្តេចតេជោ លោក ផេង គីមស្រ៊ុន បានប្រកាសស្វាគមន៍ប្រកបដោយភាពកក់ក្តៅជាទីបំផុត ចំពោះវត្តមានរបស់លោក ជា ឧត្តម និងសហការី ដែលបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា​ នាពេលនេះ។

លោក ផេង គីមស្រ៊ុន បានថ្លែង ចាត់ទុកការចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា របស់លោក ជា ឧត្តម និងសហការី គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាងជាតិ មាតុភូមិ រួមគ្នាអភិវឌ្ឍមូលដ្ឋាន និងការកសាងជាតិ ឲ្យសំបូររុងរឿង។

លោក ផេង គីមស្រ៊ុន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបើកបេះដូងយ៉ាងទូលាយ ក្នុងការទទួលយកគ្រប់ សមាជិកបក្សនយោបាយ មកពីគណបក្សនានា ដែលមានបំណងក្នុងការកសាងជាតិ មាតុភូមិកម្ពុជា ក្រោមស្លាកគណបក្សប្រជាជនកម្ពុជា។

ប្រធានគណបក្សខ្មែរស្រលាញ់ជាតិ លោក ជា ឧត្តម បានប្តេជាចិត្តថា នឹងរួមគ្នាយ៉ាងស្មោះស្ម័គ្របំផុតជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងការខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍បក្ស ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជន ស្របតាមមាគ៌ារបស់ គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត លោក ជា ឧត្តម បានសន្យាថា នឹងបន្តខិតខំប្រមូលសមាជិក សមាជិកា ជាង ៦០០នាក់ទៀត ឲ្យចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ។

ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជា ឧត្តម ដែលជាអតីតថ្នាក់ដឹកនាំអតីត គណបក្សសង្គ្រោះជាតិ ក្នុងខេត្តព្រះវិហារ​ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដោយការគោរពបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការីទាំងអស់ បានចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា៕ដោយ៖ឡុង សំបូរ