វិមានឯករាជ្យ និង ផ្សាររាត្រីថ្មី នឹងត្រូវលេចចេញជារូបរាង កណ្តាលក្រុងបាត់ដំបង

ខេត្តបាត់ដំបង ÷  ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់ វិមានឯករាជ្យ នៅលើសួនសម្ដេចក្រឡាហោម និងបង្កើតផ្សាររាត្រីថ្មី នៅលើសួនចំបុី នាពេលខាងមុខនេះ បន្ទាប់ពីបានសិក្សាឃើញថា ទីតាំងសួនចំបុីដែលស្ថិតនៅកណ្តាលផ្លូវភ្លោះ ត្រង់ដើមពោធិ៍នាគបាញ់ទឹក ក្នុងភូមិកម្មករ មានការទុកចោលមកជាយូរណាស់ហើយ ។
ឯកឧត្ដម សុខ លូ បានលើកឡើងបែបនេះនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករដែលកំពុងលក់ដូរនៅផ្សាររាត្រី និងនៅតាមវិថីម្ហូបអាហារតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងលិច ដែលនឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងលក់របស់ពួកគាត់ ទៅផ្សាររាត្រីបាត់ដំបងថ្មី ដែលរដ្ឋបាលខេត្តបាត់ដំបងគ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខដ៏ខ្លីខាងមុខនេះ ដោយទីតាំងចាស់នឹងជំនួសឡើងវិញដោយវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើការដើរលេងកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងារច្រើននៅក្នុងសួនច្បារ សម្ដេចក្រឡាហោមវិមានឯករាជ្យនោះផងដែរ ។
ចំពោះអាជីវករដែលកំពុងប្រកបអាជីវកម្មនៅទីនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការសិក្សា និងគិតគូរជូនអាជីវករបានរួចរាល់អស់ទៅហើយ ពោលគឺរដ្ឋបាលខេត្តនឹងធ្វើការសាងសង់ផ្សាររាត្រីថ្មីមួយកន្លែងទៀត ដើម្បីផ្លាស់ប្ដូរគាត់ទៅប្រកបអាជីវកម្មនៅកន្លែងថ្មី ដោយមិនមែនទុកពួកគាត់ចោលឡើយ។
ក្នុងនោះផងដែរ ឯកឧត្តម ក៏បានធ្វើការសំណូមពរ និងសុំធ្វើការអធ្យាស្រ័យដល់អាជីវករទាំងអស់មេត្តាយោគយល់ផងដែរ ព្រោះថាការអភិវឌ្ឍគឺតែងតែមានការប៉ះពាល់ ដែលទាមទារឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាលះបង់ និងចូលរួមជាមួយរដ្ឋបាលខេត្ត ព្រោះថាការអភិវឌ្ឍគឺក្នុងគោលបំណងតែមួយគត់ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនផងដែរ ។
ទន្ទឹមនឹងនោះដែរ អាជីវករដែលលក់ដូរនៅតាមផ្សាររាត្រីនិងនៅវិថីម្ហូបអាហារបច្ចុប្បន្ននេះ ក៏បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំទីតាំងលក់ដូរថ្មីរបស់អាជីវករទៅផ្សាររាត្រីបាត់ដំបងថ្មីមួយនេះ ហើយគាត់សង្ឃឹមយ៉ាងមុតមាំថាទីតាំងថ្មីនេះជាទីតាំងដែលធ្វើឱ្យគាត់បង្កើនការលក់ដូរឱ្យកាន់តែល្អប្រសើរជាងមុន ជាមួយនឹងបរិយាកាសថ្មី សោភ័ណភាពថ្មីដែលអាចបំពេញចិត្តដល់អតិថិជនរបស់គាត់បានកាន់តែច្រើនមួយកម្រិតទៀត ។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងផ្សាររាត្រីថ្មី ដែលរដ្ឋបាលខេត្តគ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខនេះ គឺជាអតីតសួនច្បារដែលធ្វើការទុកចោលអស់រយៈពេលជាយូរមកហើយ ហើយចំពោះការអភិវឌ្ឍផ្សាររាត្រី ក៏ដូចជាវិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យនាពេលខាងមុខនេះ រដ្ឋបាលខេត្តសង្ឃឹមថានឹងកែលំអរមុខមាត់ខេត្តបាត់ដំបងឱ្យកាន់តែស្រស់ស្អាតជាងមុន និងកាន់តែទាក់ទាញជាងមុនទៀត ដើម្បីលើកកម្ពស់មុខមាត់ក្រុងបាត់ដំបងឱ្យមានសោភ័ណភាពកាន់តែស្រស់បំព្រង ៕ អត្ថបទ : ព្រាប.ស