មន្ទីរផែនការដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានលើទិន្ន័យនិងបច្ចេកទេសផ្សេងៗ ជាពិសេសការរៀបចំកសាងផែនការអភិវឌ្ឍន៍

0

កែប: លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ថា៖ មន្ទីរផែនការ បានដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានលើទិន្ន័យ និងបច្ចេកទេសផ្សេងៗ ជាពិសេសការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាមួយនេះមន្ទីរផែនការខេត្ត បានអនុវត្តតួនាទី ភារកិច្ចជាមន្ត្រីស្ថិតិថ្នាក់ក្រោមជាតិ ក្នុងការជំរឿនប្រជាជន ជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច ។ល។ ឯកឧត្តមបន្តថា លទ្ធផលនៃការគណនាផលិតផលក្នុងស្រុកសរុប(GDP)និងសន្ទស្សន៍ថ្លៃទំនិងប្រើប្រាស់(CPI)សម្រាប់ខេត្ត គឺជាគោលបំណងដ៏សំខាន់មួយដែលរដ្ឋបាលខេត្តទន្ទឹងរងចាំជាយូមកហើយ ព្រោះទិន្ន័យវិភាគសេដ្ឋកិច្ចបែបវិទ្យាសាស្រ្តនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កិច្ចការអភិវឌ្ឍន៍ និងវាយតម្លៃពីការរីកចំរើនសេដ្ឋកិច្ចខេត្ត ជាមួយនេះឯកឧត្តមបណ្ឌិត សូមស្នើអោយលោក លោកស្រីប្រធានមន្ទីរ អង្គភាពទាំងអស់ យកចិត្តទុកដាក់សហការ ផ្តល់នៅទិន្ន័យ និងព័ត៌មានផ្សេងៗ មកមន្ទីរផែនការខេត្ត អោយបានទាន់ពេលវេលា ដើម្បីគណនាសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) និងគណនាផលិតផលក្នុងស្រុកសរុប(GDP)របស់ខេត្តអោយទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម រិន វីរៈរដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានឱ្យដឹងថា ខេត្តកែប គឺជាខេត្តមួយដែលមានសក្តានុពលលើវិ វិស័យកសិកម្ម ឧស្សាហកម្ម ជាពិសេសសេវាកម្មទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនជម្រុញកំណើនសេដ្ឋកិច្ចជាតិ ខេត្តកែប មានចំនួនប្រជាជនសរុប ៤៤,៤៦៣នាក់ និងមានទំហំសេដ្ឋកិច្ចសរុប ២១៨,៥៣២លានរៀល​ គិតជាដុល្លា ៥៤ លានដុល្លារ​ នៅឆ្នាំ​២០២១​ ស្មើ០.២% នៃសេដ្ឋកិច្ចជាតិ,​ សេដ្ឋកិច្ចក្នុងខេត្តមានកំណើន ០.៣% ចំណូលសម្រាប់ម្នាក់ៗជាមធ្យមមាន ១,២០៦ ដុល្លារអាមេរិក នៅឆ្នាំ២០២១ និង១,២១៨ ដុល្លាអាមេរិក នៅឆ្នាំ២០២០ និង១,៣០០ ដុល្លាអាមេរិក នៅឆ្នាំ២០១៩។
ឯឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា សេដ្ឋកិច្ច៣សំខាន់ៗរបស់ខេត្តកែប មានសេវាកម្មមាន ៥០.២% កសិកម្ម ៣០.៨% ឧស្សាហកម្មមាន ១៩.០% នេះបង្ហាញថា ខេត្តកែប មានសក្ដានុពលខាងវិស័យសេវាកម្មទេសចរណ៍ដែលជួយជម្រុញសេដ្ឋកិច្ចខេត្ត។
​ ឯកឧត្តម បានបញ្ជាក់បន្ថែមថា អតិផរណាខេត្តកែប​ ឆ្នាំ២០២១ បានកើនឡើងប្រមាណ ២.៧% ការកើនឡើងនេះដោយសារម្ហូបអាហារ ២.៨% សម្លៀកបំពាក់១.០% ផ្ទះសំបែងនិងការថែទាំ ៤.១% ផ្នែកសុខាភិបាល ៣.៨% ផ្នែកដឹកជញ្ជូន ៧.៤% និងផ្នែកផ្សេងៗទៀតកើនឡើងក្នុងរង្វង់១.៥%។
អតិផរណា​ ខេត្ត​កែប​ ឆ្នាំ២០២២ កំណើនជាមធ្យម ៣.៣% កើនឡើងដោយសារម្ហូបអាហារ ២.៥% សម្លៀកបំពាក់ ០.៦% ផ្ទះសំបែងនិងការថែទាំ ៣.២% ផ្នែកសុខាភិបាល ០.០% ផ្នែកដឹកជញ្ជូន ១១.៦% និងផ្នែកផ្សេងៗទៀតកើនឡើងក្នុងរង្វង់ ២.០%។
​ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ​ សំណូមពរដល់អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាទាំងអស់ ឱ្យបន្តសហការផ្ដល់ទិន្នន័យនានាសម្រាប់ជាធាតុចូលក្នុងការចងក្រងផលិតផលក្នុងស្រុកសរុប(GDP) សម្រាប់ឆ្នាំ២០២២ និងឆ្នាំខាងមុខបន្តទៀត ក្នុងន័យសំដៅលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព គុណភាព និងបរិយាបន្ន។
ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ​ រៀបចំដោយក្រសួង​ផែនការ​ សហការជាមួយ​ មន្ទីរផែនការខេត្តកែប ផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) ក្នុងខេត្តកែប​ ឆ្នាំ​២០២១​
ដោយមានរអញ្ជើញចូលរួមពី ប្រតិភូ​ អមដំណើរ​ ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ និងមន្ត្រីនៃមន្ទីរផែនការសរុប ៧៥រូប៕