លោក ស៊ី កុសល់ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ប្រតិបត្តិការទាំងយប់ ចុះបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើ បានជាច្រើនករណី

0

កំពង់ធំ៖ លោក ស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដឹកនាំមន្ត្រីជំនាញតាមគោលដៅ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងមន្ត្រីរេដបូកទំរីង បើកប្រតិបត្តិការ បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ ដូចភ្លៀងរលឹម និងបានជាច្រើនករណីក្នុងភូមិសាស្ត្រផ្សេងគ្នា ។

ជាក់ស្តែងប្រតិបត្តិការនេះ អនុវត្តនៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីមានការជូនដំណឹងពីប្រជាពលរដ្ឋថា មានករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់ ដែលលំហូរចេញពីដែនព្រៃអង់តែនដែលជាគម្របព្រៃឈើរបស់រដ្ឋ។

ប្រភពរបាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ចុះបង្ក្រាបបានជាច្រើនករណីផ្សេងគ្នា ក្នុងនោះ វេលាម៉ោង០៩:៤០នាទី យប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ មន្ដ្រីគម្រោងរេដបូក រួមជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងមន្ត្រី សង្កាត់រដ្ឋបាលព្រៃឈើក្រយា សហការកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានឃាត់ចាប់គោយន្ដកន្ដ្រៃម៉ាកKUBOTA ចំនួន ២គ្រឿង។ គោយន្ដកន្ដ្រៃម៉ាកKUBOTA ពណ៍ក្រហម លេខម៉ាស៊ីន RT១៤០-២៨១៧៨៩  ដឹកជញ្ជូនឈើហ៊ុបមូល(គ្រាក់កកោះ)ចំនួន៣ដើម កូនឈើ(គ្រាក់កកោះ)ចំនួន៣ដើម ដែលមានទំហំគល់ពី១៥ដល់២០ស.ម ប្រវែង៣ម៉ែត្រ ចំនួន៣ដើម។ ត្រង់ចំណុចនិយាមកា(៥៤៨១១៧-១៤១១៧៥៩)
តំបន់៤៤ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ វត្ថុតាងគោយន្ដយកមកថែរក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ចំណែកកូនឈើក្រាក់កកោះយកមកថែរក្សាទុកនៅស្នាក់ការ៤៤។ គោយន្ដកន្ដ្រៃម៉ាកKUBOTA ពណ៌ក្រហម លេខម៉ាស៊ីន RT១៥៥-០០៦៦៣៨ ដឹកជញ្ជូន៖ ឈើហ៊ុបមូលក្រាក់កកោះចំនួន៣ដើម។ កូនឈើក្រាក់កកោះចំនួន ៣ដើម ដែលមានទំហំគល់ពី១៥ដល់២០ស.ម ក្នុង ១ដើមមានប្រវែង ៣ម៉ែត្រ។ ត្រង់ចំណុចនិយាមកា(៥៤៨១៥៨-១៤១១៨៥៨) តំបន់៤៤ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ វត្ថុតាងគោយន្ដយកមកថែរក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ចំណែកកូនឈើក្រាក់កកោះយកមកថែរក្សាទុកនៅស្នាក់ការ៤៤ ។

នៅយប់ថ្ងៃដដែលនេះដែរ វេលាម៉ោង៣:៣០នាទី លោក ស៊ី កុសល់ នាយរងខខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដឹកនាំកម្លាំងមន្ត្រីជំនាញថ្នាក់ក្រោម និង កម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ បានឃាត់ចាប់គោយន្ដម៉ាកKUBOTA ពណ៌ក្រហម លេខម៉ាស៊ីន ZT១៥៥DI-១២០៤០២ ចំនួន១គ្រឿង ត្រង់តំបន់ទូករទេះ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ដឹកកូនឈើប្រភេទចម្រុះ ទំហំគល់ពី១៥ដល់២៥ស.ម ប្រវែង ២ម៉ែត្រចំនួន១៤ដើម។ វត្ថុតាងគោយន្ដយកមកថែរក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ចំណែកកូនឈើប្រមូលយកមកថែរក្សាទុកនៅស្នាក់ការអូរតាព្រហ្ម។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះកម្លាំងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយកម្លាំងប្រតិបត្តិការសឹករងកំពង់ធំ និងមន្ត្រីគម្រោងរេដបូកទំរីង បានធ្វើការបង្ក្រាបនិងទប់ស្កាត់ការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ បានជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។