លោកជំទាវ មុំ ចន្ទី បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះពិនិត្យកន្លែងលាងដៃ និងបង្គន់អនាម័យ

0

កំពង់ធំ÷ លោកជំទាវ មុំ ចន្ទី នាយិការងនាយកសុខភាពកាកបាទក្រហមកម្ពុជា លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានចុះពិនិត្យកន្លែងលាងដៃ០៦កន្លែង និងបង្គន់អនាម័យ០៣ខ្នងមាន០៩បន្ទប់ នៅក្នុងស្រុកស្ទោង និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២២។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងពីការកសាងកន្លែងលាងដៃនិងបង្គន់អនាម័យនៅតាមសាលារៀន ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ចេះអនាម័យខ្លួនឯង និងងាយស្រួលក្នុងការសិក្សារៀនសូត្រប្រកបដោយអនាម័យ។ សម្រាប់នៅវិទ្យាល័យកំពង់ថ្ម កន្លែងលាងដៃ០១កន្លែង បង្គន់អនាម័យមាន០១ខ្នង០៣បន្ទប់។ វិទ្យាល័យស្ទឹងសែន កន្លែងលាងដៃ០២កន្លែង បង្គន់អនាម័យ០១ខ្នង០៣បន្ទប់។ វិទ្យាល័យទួលក្បិល កន្លែងលាងដៃ០១កន្លែង បង្គន់អនាម័យ០១ខ្នង០៣បន្ទប់។ វិទ្យាល័យហ៊ុនសែនចំណាលើ កន្លែងលាងដៃ០១កន្លែង។ សាលាបឋមសិក្សាបាក់ស្រី កន្លែងលាងដៃ០១កន្លែង។

លោកជំទាវ មុំ ចន្ទី នាយិការងនាយកសុខភាពកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះគឺបានមកពី ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមហ្លូងម៉ែ នរោត្តមមុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ សមិទ្ធផលនានាផ្ដល់ជូនដល់វិទ្យាល័យ និងសាលាបឋមសិក្សា ដើម្បីចូលរួមចំណែកឲ្យសិស្សានុសិស្សបានលាងដៃបានគ្រប់ៗគ្នា និងសិក្សារៀនសូត្រប្រកបដោយអនាម័យល្អនៅក្នុងសាលារៀន។

លោកជំទាវក៏បានសំណូមពរ ដល់នាយកសាលាលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងសិស្សានុសិស្សទាំងអស់សូមចូលរួមថែរក្សាសមិទ្ធផលទាំងអស់នេះដែលបានកសាងជូនដើម្បីឲ្យបានគង់វង្សជានិរន្តរ៍។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕