រដ្ឋបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យបន្តចុះពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ

(កំពង់ធំ)÷ការរាតត្បាតនៃជំងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១ កន្លងមកព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួនបានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ គឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោក ហាក់ ម៉ុងហួត អភិបាលស្រុកស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិកំចាយមារ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ លោកក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិកាផ្ទាល់ ដើម្បីចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ លោកអភិបាលស្រុក ក៏បានបន្តទៀតថាសកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឱ្យប្រជាពលរដ្ឋបានជួយកាត់បន្ថយការលំបាករបស់ពួកគាត់។ សូមឱ្យបងប្អូនដែលមានការលំបាក និងមានបញ្ហាអ្វីមួយ ត្រូវរាយការមកអាជ្ញាធរជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍។

ជាចុងក្រោយលោកអភិបាលស្រុក ក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូន លោកយាយលោកតា ចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត ពិសារអាហារឲ្យបានគ្រប់គ្រាន់ ឧស្សាហាត់ប្រាណឲ្យបានញឹកញាប់ ដើម្បីឱ្យចៀសផុតពីជំងឺអាក្រក់ផ្សេងៗ។

សូមបញ្ជាក់ថា៖ ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ដោយក្រុមគ្រូពេទ្យជំនាញជំងឺទូទៅ។ ដោយការរាយណ៍ពីការពិនិត្យ និងព្យាបាលជំងឺជូនបងប្អូន លោកយាយលោកតាបាន៤២០នាក់ សកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើជូនបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត៕