ដុតកម្ទេចរថយន្តសាំងយ៉ុង២គ្រឿងដឹកញ្ជូនឈើល្មើសច្បាប់

ខេត្តក្រចេះ÷ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះរួមជាមួយកម្លាំងកងរាជ
អាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចបំផ្ទុះដុតកម្ទេចរថយន្តសាំងយ៉ុងចំនួន២គ្រឿង ក្នុងករណីដឹកជញ្ជូនឈើល្មើសច្បាប់ កាល
ពីចុងខែវិច្ឆិកា២០២២កន្លងទៅ។
ការដុតកម្ទេចរថយន្ត២គ្រឿងខាងលើបាបធ្វើឡើងកាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ទាក់ទិនករណីដុតកម្ទេចមធ្យោបាយបម្រើអោយការដឹកជញ្ជូនបទល្មើសព្រៃឈើនោះ កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការសហការ និងបង្ក្រាបរថយន្តទាំង២គ្រឿង ខណះកំពុងដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃឡង់ ឆ្ពោះទៅខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជ
អាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជ
អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺបានសម្រេចធ្វើការបំផ្ទុះ និងដុតកំទេច រថយន្ដសាំយ៉ុងកែច្នៃ២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ។
នៅក្នុងសកម្មភាពដុតកម្ទេចចោលរថយន្តទាំង២គ្រឿងសមត្ថកិច្ចបញ្ជាក់ថា ការបង្ក្រាបលើកនេះខុសពីលើកមុនៗ វត្ថុតាងដែលរឹបអូសបានគឺឈើ ប្រគល់ជូនទៅមន្ត្រីជំនាញរដ្ឋបាលព្រឈើរក្សាទុក ។ ដោយឡែករថយន្តត្រូវយកទៅកម្ទេចចោលតែម្តង  ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត បទល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាខេត្តបន្តទៀត ។
រសៀលថ្ងៃម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានបញ្ជាកម្លាំងអាវុធហត្ថ ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សហការជាមួយកម្លាំងកងរាជ អាវុធ ហត្ថផ្ទៃប្រទេស ចុះធ្វើការស្រាវជ្រាវ នៅតំបន់ព្រៃឡង់ក្រោយពីទទួលបានដំណឹងថា មានក្រុមឈ្មួញធំៗកំពុងតែធ្វើ សកម្មភាពគៀងគរកាប់អាឈើ និងប្រមូលទិញល្មើសច្បាប់ក្លែងបន្លំមកជាឈើស្របច្បាប់៕ដោយ÷ឡុង សំបូរ