លោកជំទាវ ម៉ែន នារីសោភ័គ ជួបសំណេះសំណាលស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងប្រគល់ផ្ទះ៣ខ្នងអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0

កំពង់ធំ÷ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជានាយិកាខុទ្ធកាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិលោកជំទាវ ឯកឧត្តម លោក លោកស្រី ប្រតិភូកាកបាទក្រហមកម្ពុជា លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក អ៊ុត វណ្ណរ៉ាអភិបាលស្រុក ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ និងសហការីបានជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងពិធីប្រគល់ផ្ទះចំនួន៣ខ្នងដល់គ្រួសារក្រីក្រ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ក្នុងការរួមចំណែកលើកកម្ពស់សុខភាពមាតាទារក និងកុមារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំធ្វើទិវាជាតិសុខភាពមាតាទារកនិងកុមារ នៅមណ្ឌលសុខភាព។ដោយមានការចូលរួមពីស្ត្រីទើបឆ្លងទន្លេ ស្ត្រីមានផ្ទៃពោះស្ត្រីវ័យបន្តពូជ ដោយបានធ្វើការផ្សព្វផ្សាយ(សារ)ស្ដីអំពីសារៈប្រយោជន៍នៃការពិនិត្យផ្ទៃពោះ មុនពេលសម្រាលការថែទាំសុខភាពក្រោយពេលសម្រាល។

លោកជំទាវក៏បានបន្តទៀតថា ក្នុងភាពជាអ្នកដឹកនាំជាអ្នកស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន កាកបាទក្រហមកម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា បានពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយបង្កើតទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដឹកនាំចលនាបំផុសមិត្តអប់រំមិត្ត លើកកម្ពស់ការមិនរើសអើង ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺអេដស៍ និងគ្រួសារងាយរងគ្រោះដោយមេរោគអេដស៍។

គួរបញ្ជាក់ផងដែរថា ផ្ទះចំនួន៣ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនចំនួន៣គ្រួសារ ចំណោមផ្ទះ៣ខ្នង ដែលនឹងត្រូវធ្វើពិធីប្រគល់ ផ្ទះមានលេខរៀងទី១០២ គឺជាលេខរៀងចុងក្រោយ នៃចំនួនផ្ទះដែលសាខាបានសាងសង់កន្លងមក និងជាចំនួនចុងក្រោយ នៃផែនការ១០ខ្នង សម្រាប់ឆ្នាំ២០២២។ គ្រឿងឧបភោគ បរិភោគដែលប្រគល់រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ឃីត មុងតូច និងថវិកាមួយចំនួនទៀតផងដែរ។