ពិធីថ្វាយព្រះភ្លើងប្រគេនដល់ព្រះសពព្រះអង្គនូចាន់ថាព្រះមេគណខេត្ត

0

ស្ទឹងត្រែង: សពព្រះអង្គនូចាន់ថាព្រះមេគណខេត្តស្ទឹងត្រែងបានធ្វើពិធីដង្ហែរព័ទ្ធជុំវិញក្នុងខេត្ត ក្រោមវត្តមាន និមន្តចូលរួមដ៍ខ្ពស់ខ្ពស់ ពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹមសន ព្រះប្រធានលេខាដ្ឋានគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណរាជធានីភ្នំពេញនិមន្តថ្វាយព្រះភ្លើងប្រគេនដល់ព្រះសព នៅពេលរសៀល។
ក្នុងកម្មពិធីដង្ហែរព្រះសពព័ទ្ធជុំវិញក្នុងខេត្តស្ទឹងត្រែង ដែលបានធ្វើឡើងនៅថ្ងៃទី០៨ធ្នូឆ្នាំ២០២២នេះ ឯកឧត្តស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ ពិធីអធឹកអធមនេះគឺរដ្ឋបាលខេត្តបានសហការគ្រប់កម្លាំងពាក់ព័ន្ធ និងព្រះសង្ឃ ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋធ្វើពិធីថ្វាយព្រះភ្លើងបូជាសពឱ្យបានសក្តិសមទៅនិងព្រះគុណដែលព្រះអង្គបានដឹកនាំកន្លងមក បានផ្តល់នូវឱវាទអប់រំល្អ និងបានកសាងបន្សល់ទុកនៅសមិទ្ទផលនានាធ្វើព្រះពុទ្ធសាសនាមានការរីកចម្រើន នៅក្នុងខេត្តស្ទឹងត្រែង ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ជាងនេះទៀតវត្តមានចូលរួមយ៉ាងច្រើនកុះករនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់គ្រប់ស្ថាប័នអង្គភាពរួមនិងបងប្អូនប្រជាជនយើងគ្រប់ស្រទាប់វណ្ណ ក្នុងការគោរពប្រតិបត្តិ ស្រឡាញ់ នូវប្រពៃណី ព្រះពុទ្ធសសនាដែលជាសាសនារបស់រដ្ឋយើងដ៍ផូរផង់ ស្ថិតនៅក្រោមដំបូលសន្តិភាព និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានៃយើង។
បន្ទាប់ពីមានការអាននូវវិយោគថា បញ្ជាក់ពីជីវប្រវត្តិរបស់ព្រះអង្គបានកសាងសមទ្ធិផលជាច្រើន ទុកជាសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍ជាតិនិងបានបំពេញភារកិច្ច ដើមី្បជូនខេត្ត ជូនមាតុប្រទេសរបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កសាងនូវសមទ្ធិផលធំៗជាច្រើន ដើម្បីលើកស្ទួយនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ដោយពុំពីផលប្រយោជន៍បុគ្គលរួចមក សម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹមសន ព្រះប្រធានលេខាដ្ឋានគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យថ្នាក់ដឹកនាំ ប្រជាជនក្នុងខេត្តស្ទឹងត្រែង ក៍ដូចជាបងប្អូនពុទ្ធបរិស័ទមកពីបណ្តាខេត្តនានា បានសំដែងព្រះរាជបន្ទូលនូវក្តីសោកស្តាយ ចំពោះការ បាត់បង់ ព្រះអង្គនូចាន់ថា ពិតជាបានធ្វើឱ្យមន្ត្រីរាជការ សិស្សគណ និងពុទ្ធបរិស័ទមានសេចក្តីទុក្ខ សោកសង្រេងជាពន់ពេកទោះជាព្រះអង្គ បានសុគតលាចាកលោកទៅក៏ពិតមែន តែគុណធម៌ និងកេរ្តិ៍ឈ្មោះ កិត្តិយស ដែលកើតពីអំពើល្អរបស់ព្រះអង្គនៅតែដក់ជាប់ក្នុងដួងចិត្តយើងទាំងឡាយ គ្មានថ្ងៃសាបសូន្យឡើយ។
ជាមួយនេះសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹមសន មានព្រះរាជបន្ទូលដាស់តឿនឱ្យប្រជាពុទ្ឋបរិស័ទទាំងអស់ពិចារណាដោយដើរតាមផ្លូវនូវឱវាទព្រះពុទ្ឋជាម្ចាស់ ស្អាតត្រង់នោះ ដោយការសម្អាតកាយវាចារចិត្ត និងស្អាតឥរិយាបថទាំងបួន ព្រមទាំងការអាស្រ័យនូវគ្រឿងអាហារបរិភោគ រកទទួលទានប្រចាំថ្ងៃក៏ត្រូវពិចារណាឱ្យបានសមរម្យតាមការគួរ ជាពិសេសត្រូវប្រតិបត្តិឱ្យបានខ្ជាប់នូវនិច្ចសីល ។
សូមបញ្ចាក់ថា៖ព្រះតេជគុណ ព្រះវិសុទ្ធមុនីនូចាន់ថាព្រះមេគនខេត្ត និងជាចៅអធិការវត្តស្រះកែមមុនីវណ្ណហៅវត្តកណ្តាលនៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានប្រសូត្តនៅថ្ងៃទាទិត្យ២កើតខែផល្គុន ឆ្នាំថោះឯកស័ក ព.ស២៤៨៣ត្រូវនិងថ្ងៃទី១០ខែមិនាឆ្នាំ១៩៤០នៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ។ និងបានទទួលអនិច្ច ធម្ម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១៧.០៣នាទីល្ងាច ក្នុងព្រះជន្មាយុ ៨២ព្រះវស្សា ដោយព្រះរោគា ពាធ ។
អស់រយៈពេល១២០ថ្ងៃកន្លងមក សពព្រះអង្គ ត្រូវបានតម្កល់ទុកទៅតាមលំអាន ព្រះពុទ្ឋសាសនានិបបានធ្វើបុណ្យតាមប្រពៃណី និងនៅថ្ងៃទី០៨ធ្នូឆ្នាំ២០២២នេះបានរៀបចំពិធីរំកិលព្រះសព ដង្ហែ នៅក្នុងក្នុងក្រុងស្ទឹងត្រែង ប្រទក្សិណជុំវិញក្នុងខេត្ត និងបានរៀបចំពិធីបូជាព្រះសពនៅរសៀលម៉ោង២រសៀលថ្ងៃទី០៨ធ្នូឆ្នាំ២០២២ ក្រោមព្រះវត្តមានព្រះ សម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹមសន ព្រះប្រធានលេខាដ្ឋានគណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណរាជធានីភ្នំពេញនិមន្តថ្វាយព្រះភ្លើង ។ ហើយបងប្អូនពុទ្ទបរិស័ទបានឧទិ្ទសកុសលផលបុណ្យ ថ្វាយជូនព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឱ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕