ពលរដ្ឋចោទថា មន្ត្រីនិងក្រុមហ៊ុនកូ ណៃ បិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោលនិងរាយលួសបន្លាព័ទ្ធយកដីភ្នំរដ្ឋនិងដីពលរដ្ឋ ,តែក្រុមហ៊ុនថា មិនមែនជាផ្លូវនិងដីពលរដ្ឋទេ

0

បន្ទាយមានជ័យ៖ពលរដ្ឋចោទថា មន្ត្រីនិងក្រុមហ៊ុនកូ ណៃ បិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោល និង រាយបន្លាព័ទ្ធយកដីភ្នំរដ្ឋនិងដីពលរដ្ឋ តែក្រុមហ៊ុនថា មិនមែនជាផ្លូវនិងដីពលរដ្ឋទេ។

ទីតាំងមានបាតុភាពស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មនុស្ស១ចំនួនដែលសំអាងថា ជាពលរដ្ឋរស់នៅភូមិកងវ៉ានិងភូមិពង្រសង្កាត់កំពង់ស្វាយអោយសារព៍ត៌មានដឹងកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០២២ ថា: មន្ត្រីនគរបាលនិងក៏ជាថៅកែក្រុមហ៊ុនកូ ណៃ (ដែលជាឈ្មោះលោក) បានបិទផ្លូវសហគមន៍ទៅចម្ការនិងស្រែមួយកន្លែង បានយកដុំថ្មធំៗ រៀបបិទផ្លូវដែលពលរដ្ឋតែងធ្វើដំណើរដឹកកសិផល និងដីអាស្រ័យផល ចិញ្ចឹមសត្វ ។

ពលរដ្ឋបានបន្តថា : ការធ្វើរបង ដាក់បន្លាលួស រាយដុំថ្មបិទផ្លូវនិងព័ទ្ធភ្នំនោះ ទំនងជាព័ទ្ធយកដីភ្នំរដ្ឋដែលគាត់បានសុំអាជ្ញាប័ណ្ណកាយដីយកប្រយោជន៍រួចហើយ មិនព្រមប្រគល់ជូនរដ្ឋ តែបែរជាព័ទ្ធធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនថែមទៀតទៅវិញ ។
ពោលគឺដូចជាកាត់ផ្តាច់ដង្ហើមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ដីនោះ មានទំហំរាប់សិបហិចតាដែរ ។

លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី០៧ថា : ដី ថ្មនៅភ្នំជាសមត្ថកិច្ចជំនាញរ៉ែមែនលើដីដែលគាត់និងអាជីវករផ្សេងបានសុំកាយអាចម៍ដីចេញយកទៅប្រើប្រាសតាមកម្មវត្ថុ។
ក្នុងនោះ ក្រោយកាយអាចម៍ដី ថ្មពីភ្នំឬដីរដ្ឋចេញរួចត្រូវប្រគល់ថ្នាលដីអោយរដ្ឋវិញ ។
ប៉ុន្តែករណីដែលថា មានបាតុភាពយកថ្មធំ ដាំបង្កៅលនិងរាយលួសបន្លាព័ទ្ធបិទផ្លូវនោះ ជាសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត។
ទោះជាយ៉ាងណា លោកនឹងចាត់មន្ត្រីអោយចុះទៅពិនិត្យ វាយតម្លៃនិងរាយការណ៍នៅចំណុចទីតាំងដីភ្នំដែលថា មានការហ៊ុំព័ទ្ធយក ហើយបិទផ្លូវរបស់ពលរដ្ឋនោះ ។

ឯលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា លោកក្តាប់មិនទាន់បាននៅឡើយ តែលោកនឹងចាត់ឲ្យខាងភ្នាក់ងារភូមិ មន្ត្រីសង្កាត់ ចុះពិនិត្យដើម្បីដោះស្រាយសំណូមពរនិងទុក្ខកង្វល់របស់ពលរដ្ឋ ។

ឆ្លើយតបការចោទប្រកាន់នលោក កូ ណៃ នៃក្រុមហ៊ុនកូ ណៃបានប្រាប់នាថ្ងៃទី០៧ខែធ្នូ ថា: នៅម្តុំនោះ មានផ្លូវលំពីរខ្សែដែលពលរដ្ឋធ្លាប់ប្រើប្រាសគីនៅខាងកើត១ខ្សែដែលបង្វែរទៅជាប់ជើងភ្នំនិងផ្លូវចូលបន្ទាយរថក្រោះ(យោធភូមិភាគ៥ ទិសបន្ទាយមានជ័យ) និង១ខ្សែទៀតនៅខាងលិច ។

លោកបន្តថា : ប៉ុន្តែអ្វីដែលពលរដ្ឋតវ៉ានោះ ជាផ្លូវនោះទេ ។
វាជាដីរបស់លោកផ្ទាល់ដែលបានទិញពីលោកតួ ធានទឺ (ទីប្រឹក្សាថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍ជនបទនិងកសិកម្ម) ដែលលោកបានកាយអាចម៍ដីភ្នំអស ហើយសល់រណ្តៅដី ។
ចំពោះធ្លាឬគន្លងដែលមានរាងដូចផ្លូវនោះ តាមពិត លោកបានឈូសឆាយពង្រាបសម្រាប់ លោកធ្វើដំណើរតែក្នុងដីកម្មសិទ្ធិរបស់លោកប៉ុណ្ណោះ។
លោកបន្តថា : មួយទៀត នៅជើងភ្នំនោះ បន្ទាយរថក្រោះដូចខាងលើ បានយកដីចម្ការរបស់លោកកាលពីអំឡុងសភាពការណ៍ព្រំដែនកម្ពុជា ថៃ (ឆ្នាំ២០០៨)កន្លងមក តែឥឡូវគាត់បានប្រគល់ដីអោយលោកវិញ ។
ហេតុនេះ លោកក៏ឈួសឆាយដីនោះនិងធ្វើរបងព័ទ្ធ។

ទោះជាយ៉ាងណា លោកកូ ណៃ បានទទួលស្គាល់ថា ពិតជាពលរដ្ឋធ្លាប់តវ៉ានិងសម្ភាសន៍រិ:គន់លោក ដោយចុះផ្សាយនៅសារព័ត៌មានបរទេសផ្សាយជាភាសាខ្មែរ រឿងផ្លូវចូលចម្ការរបស់ពលរដ្ឋដែរ។

គឺមានតែម្នាក់ឈ្មោះលោកគ្រូវ៉ន ចំរើន (អតីតចៅសង្កាត់កំពង់ស្វាយ) ដែលតវ៉ារឿងដីធ្លី និងរឿងផ្លូវទៅចម្ការ ។
តែរឿងនោះត្រូវបានដោះស្រាយ។

ចំពោះការតវ៉ារឿងផ្លូវដែលចោទលោកថា បិទនាំអោយរាំងស្ទះពេលនេះ តាមពិតបងប្អូនមានផ្លូវសម្រាប់ចូលចម្ការនិងដីកសិផលនៅទិសខាងកើត ប៉ុន្តែដោយមិនបានថែទាំឬសម្រួលអោយប្រើប្រាសបាន ហេតុនោះ ទើបពលរដ្ឋបានតវ៉ា ហើយចង់ដើរមកទិសខាងលិចកាត់ដីកម្មសិទ្ធីរបស់លោកទៅវិញ ។

ចំណែកអ្នកតាមដានបាននិយាយថា : ដោយមានការការចោទប្រកាន់និងឆ្លើយតបមិនទាន់ជ្រះសហរឡះដូច្នេះ ក៏ស្នើសុំអោយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធចុះពិនិត្យ ដោះស្រាយអោយមានតម្លាភាពនិងអាចទទួលយកបាន៕