សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត

0

សៀមរាប: នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០២២នេះ បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត ) ក្រោមអធិបតីភាព លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងមានការចូលរួមពីអស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា  អនុសាខា ក្រុង ស្រុក ព្រមទាំង អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទ ក្រហមកម្ពុជា សរុបជាង ១០០នាក់។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និង សរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា របស់យើងដែលបាន ខិតខំបំពេញការងារយៈពេលកន្លងមក។ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះតាមទិសស្លោកកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនា សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល។ ក្នុងឱកាសដ៏រីករាយនេះដែរលោកជំទាវ បាន  កោតសរសើរចំពោះកម្លាំងឈានមុខ របស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាឆ្អឹងខ្នងរបស់សហគមជាតិ  ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និង ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលា និង នៅគ្រប់ទីកន្លែង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ  សុខភាព និង ការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និង ការអភិវឌ្ឍន៍ស្ថាប័ន៕