ឯកឧត្ដម ប៉ែន កុសល្យ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការរដ្ឋានសាងសងស្ពានថ្ម ១កន្លែង ប្រវែង១៥ ម៉ែត្រ និងទទឹង៦ ម៉ែត្រ និងសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋប្រមាណ៤០០ នាក់

(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការរដ្ឋានសាងសងស្ពានថ្ម ១កន្លែង ប្រវែង១៥ ម៉ែត្រ និងទទឹង៦ ម៉ែត្រ និងសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានថ្មនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ-អង្គភាព លោកនាយក -នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលស្រុក មេឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ៤០០ នាក់បានចូលរួមផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្ដម បានបន្តបន្តថា សូមឱ្យបងប្អូនចេះស្រឡាញ់ និងការពារសន្តិភាពដែល មាន ដូចសព្វថ្ងៃ សូមបងប្អូនត្រូវចងចាំថា ទំរាំប្រទេសយើងទទួល បាននូវសុខសន្តិភាពដូចសព្វថ្ងៃ យើងទាំងអស់គ្នាបានឆ្លងកាត់ការ លំបាកច្រើនណាស់ បងប្អូនខ្លះបែបបាក់គ្រួសារ ខ្លះពិការ ទាំងអស់នេះហើយ គឺកើតឡើងដោយសារសង្គ្រាម ដើម្បីជៀសឱ្យផុតពីការ លំបាកទាំងអស់នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិភាព និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចេះបង្កបង្កើន ផល ដើម្បីជួយដល់ជីវភាពរស់នៅក្នុងគ្រួសារ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។ ជាចុងក្រោយ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ស្ពានថ្មដែលនឹងសាងសងរួចរាល់នាពេលខាងមុខនេះត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះវាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា ស្ពានថ្មប្រវែង១៥ ម៉ែត្រ និងទទឹង៦ ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា ពីព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់ កិត្តិយស ឧត្តមទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទីប្រឹក្សាសម្ដេចព្រះមហា សុមេធាធិតី ព្រះធម្មធរគណខេត្ត និងជាព្រះគ្រូអនុគណក្រុងសៀមរាប និងមានការចូល រួមកសាងពី៖
-ព្រះគ្រូឧត្តមសីលមុនី ឃឹម ហន ព្រះគ្រូសូត្រឆ្វេងវត្តពោធិ៍បន្ទាយជ័យ
-និងព្រះគ្រូសង្ឃវិសុទ្ធិសិរី ឡាយ ជឿន ព្រះវិន័យធរវត្តពោធិ៍បន្ទាយជ័យ ព្រមទាំងសប្បុរសជនផ្សេងៗ សរុបចំនួ៣៥.៥៤៦ដុល្លារអាមេរិក។ដោយ៖ចាន់ ធី