អភិបាលខេត្តកំពង់ចាម​ ថ្លែងអំណរគុណ​​សមាគមន៍សាសនាចក្រ​ ដែលបានចូលរួម​អភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល​ ប្រមាណ​ជា៤៦ម៉ឺន​ដុល្លារ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកព្រៃឈរ

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បាន​ថ្លែង​ថា​ គុណភាព​ និងប្រសិទ្ធភាពនាំមកនូវការជឿទុកចិត្ត​ កិច្ចសហការគាំទ្រ​គ្នា និងភាពជាដៃគូល្អ​ បានផ្តល់នូវសមិទ្ធផលថ្មីៗបន្ថែមទៀត​ ក្នុង​វិស័យ​សុខាភិបាល​នៃមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៤៦ម៉ឺន​ដុល្លារ​ ដេីម្បី​​បម្រេី​ដល់​ការជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជនយេីង​។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីប្រគល់​និងទទួលនូវសមិទ្ធផលថ្មី​ ដែលជាជំនួយពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានបញ្ជាក់ថា រាល់សមិទ្ធផល និងជំនួយផ្នែកមនុស្សធម៌ របស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក្នុងនោះមានដូចជា ៖ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យមនុស្សធម៌ ជាដើម ដែលកាយវិការទាំងនេះ គឺបានស្ដែងចេញ នូវការរួមគ្នាធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ស្របទៅតាមបំណង របស់ខាងសមាគម ក៏ដូចជា បំណងរបស់អាជ្ញាធរខេត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

យោងតាមរបាយការណ៍របស់​លោក​ សៀ​ សំណាង​ ប្រធាន​សមាគម​ បាន​ឲ្យ​ដឹងថា​ និកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជំនួយ​ដល់វិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ក្នុងឆ្នាំ២០២២ គឺបានអនុវត្តគម្រោងជួសជុល និងកែលម្អ ព្រមទាំង ផ្តល់ឧបករណ៍វេជ្ជសាស្ត្រ សម្រាប់មន្ទីរពេទ្យបង្អែកព្រៃឈរ ដោយបានចាប់ផ្ដើម កាលពីខែកក្កដា ហើយបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។ ចំពោះ​សមិទ្ធិផល ដែលសមាគមសម្រេចបាន នៅមន្ទីរពេទ្យបង្អែកនេះ ជារួមមាន ៖ ការពង្រីកបន្ទប់សម្រាកសម្រាប់ស្ត្រីក្រោយសម្រាលកូនរួច និងជួសជុលបន្ទប់ទឹក ជួសជុលបន្ទប់ សម្រាប់ការថតកាំរស្មីអ៊ិច និងបំពាក់ឧបករណ៍កាំរស្មីអ៊ិចថ្មី សង់បន្ទប់ទឹកជនពិការ រៀបចំប្រព័ន្ធអុកស៊ីសែន បន្ថែមធ្នឹម និងសសរទ្រទ្រង់ដំបូលមន្ទីរពេទ្យ ផ្លាស់ប្តូរដំបូលលើ អគារមន្ទីរពេទ្យ ការិយាល័យប្រតិបត្តិស្រុក និងមណ្ឌលសុខភាព ជួសជុលលាបថ្នាំខាងក្នុង និងខាងក្រៅអគារមន្ទីរពេទ្យ និងតម្លើងខ្សែភ្លើង បន្ថែមចំណតរថយន្តទំហំ ៨១៥ម៉ែត្រការ៉េ រៀបចំប្រព័ន្ធបង្ហូរទឹកថ្មី ក្នុងមន្ទីរពេទ្យ ផ្ដល់ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ដើម្បី ពង្រីកសេវាកម្មរបស់មន្ទីរពេទ្យ ក្នុងការថែទាំអ្នកជំងឺ ដោយគម្រោងទាំងនេះ ត្រូវចំណាយថវិកាសរុប ប្រមាណជា ៤៦ម៉ឺនដុល្លារអាមេរិក ៕