ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព និងបើកវគ្គហ្វឹកហ្វឺននៅនឹងកន្លែង របស់ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន

(ប៉ៃលិន)៖ រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព និងបើកវគ្គហ្វឹកហ្វឺននៅនឹងកន្លែង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងលោក លោកស្រីតាមបណ្តាមន្ទីរជំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការរង នាយទាហាន នាយទាហានរង ចំណុះយោធភូមិភាគទី៥ យ៉ាងច្រើនកុះករ។
បើតាមរបាយការណ៍របស់លោក កែម អនុច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានឲ្យដឹងថា៖ពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ក្រោយពេលបានបញ្ចប់ការងារហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ៦១ថ្ងៃ លទ្ធផលគឺ និទ្ទេសល្អ ចំនួន ១៥នាក់ និទ្ទេសបង្គួរ ចំនួន ២៣នាក់និទ្ទេសមធ្យម ចំនួន ១២នាក់ ចំណែកពិធីបើកវគ្គហ្វឹកហ្វឺននៅនឹងកន្លែង គឺមានសិក្ខាកាម ចំនួន ១០០នាក់ រយៈពេលហ្វឹកហ្វឺន ចំនួន ១វគ្គ ស្មើនឹង ៩៦ថ្ងៃ (ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣)។
មានប្រសាសន៍ក្នុងឪកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃបើកវគ្គរហូតដល់ថ្ងៃបញ្ចប់វគ្គ ទទួលបានជោគជ័យគួរជាទីមោទន:។ លោកមេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមនៅក្រោយពេលបញ្ចប់វគ្គនេះ ត្រូវបានទៅបំរើការងារតាមបណ្តាអង្គភាព ត្រូវតែបន្តគោរពអនុវត្តឱ្យបានល្អ ត្រូវមានភាពស្មោះត្រង់ និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តឱ្យបានល្អវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងថ្នាក់លើ ត្រូវមានឆន្ទៈតស៊ូក្នុងការងារ បន្តខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមដើម្បីលើកកម្ពស់សមត្ថភាពការងារ ស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ឱ្យសក្តិសមជាអ្នកបន្តវេនក្នុងកិច្ចការពារជាតិ ត្រូវរក្សាសាមគ្គីភាពជាមួយ នាយទាហាន ពលទាហានក្នុងអង្គភាព និងចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ ចេះជួយពួកគាត់ពេលជួបការលំបាកខ្វះខាត យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ពិសេសក្នុងដំណាក់កាលកូវីដ-១៩ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដាច់ខាតមិនឱ្យមានក្នុងអង្គភាព បើសិនជាមានត្រូវដេញចេញពីអង្គភាពដាច់ខាត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានល្អ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានប្រគល់ជូនលិខិតបញ្ជាក់ការសិក្សា លិខិតសរសើរ ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ និងប្រគល់ថវិកា ចំនួន ៤.០០០.០០០រៀល និងប្រកាសបិទវគ្គហ្វឹកហ្វឺន និងបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន