មុខតំណែងប្រធានរតនាគារខេត្តបន្ទាយមានជ័យ : ប្រធានចាស់ចូលនិវត្តន៍ អនុប្រធានឡើងជំនួស

បន្ទាយមានជ័យ៖ប្រកាសមុខតំណែងប្រធានរតនាគារខេត្តបន្ទាយមានជ័យ ប្រធានចាស់ដល់អាយុវ័យបានចូលនិវត្តន៍ ឯអនុប្រធានដែលនៅវ័យក្មេង ក៏បានឡើងជំនួសដោយបានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងនិងចូលកាន់ភារកិច្ចនាថ្ងៃទី០៩ ខែធ្នូ​ ឆ្នាំ២០២២ នៅសាលប្រជុំធំ សាលាខេត្ត។

លោកយុត ស្វីនី ប្រធានរតនាគារខេត្តបន្ទាយមានជ័យដែលត្រូវចូលនិវត្តន៍បានអោយដឹងថា : រតនាគារជាគណនេយ្យករផ្ទាល់ចំណុះអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានភារកិច្ចត្រាយតពិនិត្យនិងប្រតិបត្តិការចំណូល-ចំណាយថវិកា ។ហើយមានបេសកកម្មជាបេឡានិងក៏ជាគណនេយ្យករសាធារណ:របស់រាជរដ្ឋាភិបាល គ្រប់គ្រងប្រាក់កាសរបស់រដ្ឋ គណនីពិសេសនៃរតនាគារនិងធ្វើតុល្យភាពសាច់ប្រាក់ ។
ឯរចនាសម្ព័ន្ធគ្រប់គ្រង អង្គភាពខេត្តមួយនេះមានមន្ត្រីតែ១៨នាក់ប៉ុណ្ណោះ គឺប្រធាន១ អនុប្រធាន៣និងការិយាល័យ៣ ប៉ុន្តែបំពេញការងារខាងចំណូល ចំណាយសាច់ប្រាក់និងថវិការដ្ឋថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក ក្រុងនិងឃុំ សង្កាត់) ធំធេងក្នុងខេត្ត ។ល។
ឯលទ្ធផលការងារគឺបានល្អប្រសើរ ។
យោងតាមលោកប៊ិន កក្កដាប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គាធិកាដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអានសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨៥១ សហវ. ប្រក ចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសភាចារ្យអួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចតែងតាំង ១- លោក អឿន ច័ន្ទ​វីសុទ្ធ ពពីអនុប្រធានរតនាគារខេត្តបន្ទាយមានជ័យ ទៅជាប្រធាន ជំនួសលោក យុត ស្វីនី ដែលត្រូវចូលនិវត្តន៍។

២- លោកស្រីសាយ ស្រីណុច ពីប្រធានការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ ជាអនុប្រធាន ជំនួសលោកអឿន ច័ន្ទវិសុទ្ធអនុប្រធាន ដែលឡើងជាប្រធានរតនាគារខេត្ត។
២-លោកក្លិន កុយ អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក ជាប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកជំនួសលោកស៊ុំ សុជាតិ ប្រធានចាស់ ។
៣-លោកស្រីសំ សៅឌី ពីអនុប្រធានការិយាល័យ ឡើងជា ប្រធានការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ ជំនួសលោកស្រីប្រធានចាស់ ។
៤-លោកលឹម រ៉ានី ពីមន្ត្រីការិយាល័យរដ្ឋបាលនិងបុគ្គលិកឡើងជាអនុប្រធានការិយាល័យនេះ ។
៥- លោកមែ សុភារម្យ ពីមន្ត្រីការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោមជាតិ ឡើងជាអនុប្រធានការិយាល័យនេះ ….។

លោក អឿន ច័ន្ទ​វីសុទ្ធ ប្រធានថ្មីនៃរតនាគារខេត្ត​បន្ទាយមាន​ជ័យ​បានឡើងចាប់អារម្មណ៍និងប្តេជ្ញាចិត្តថា :នឹងបន្តខិតខំបំពេញតួនាទី ភារកិច្ឋដោយមនសិការ សម្បជ្ជ:ញ្ញ: អោយបានលទ្ធផលល្អ មានប្រសិទ្ធិភាពនិងប្រកបដោយការទទួលខុសត្រូវ ។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មានជ័យ​ បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើ ការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញ​ការងាររហូត ចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម។
បម្រើសេវាសាធារណ:ផ្នែកខាងចំណូល ចំណាយសាច់ប្រាក់និងថវិការដ្ឋថ្នាក់ក្រោមជាតិនៃហិរញ្ញវត្ថុ រួមរួមចំណែកអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។

ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ព័ន្ធប្រកបដោយ គុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយ​ប្រសិទ្ធភាព។

ចុងបញ្ចប់លោក ប៉ូ រតនា អនុ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន​ប្រសាសន៍ កោត​សរសើរស្នាដៃលោកប្រធានចាស់ ក្នុងរយៈពេលបំពេញការងាររួមចំណែកលើវិស័យហិរញ្ញវត្ថុរបស់ជាតិ( បាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យនាពេលកន្លងមក។​

លោកបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្ត​បន្ទាយមានជ័យ​ថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសការអនុវត្ត អភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ :

ទី១. អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជា​គោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖ឃិន គន្ធា