ឯកឧត្តម ចាន់ តារា អំពាវនាវដល់អង្គការដៃគូនានាបន្តជួយគាំទ្រដល់កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥របស់ស្រុកស្ទោង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់ស្រុកស្ទោងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ចាន់ តារាអភិបាលរងខេត្តកំពង់ធ បានអំពាវដល់អង្គការ និងដៃគូនានាបន្តជួយគាំទ្រដល់កម្មវិធីវិនិយោគស្រុកស្ទោងនិងឃុំទាំងអស់ក្នុងស្រុក ដើម្បីឲ្យភូមិឃុំមានការអភិវឌ្ឍន៍បន្តទៀត។ ឯកឧត្តមក៏បានណែនាំដល់ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំត្រូវត្រួតពិនិត្យមើលផែនការអភិវឌ្ឍន៍របស់ខ្លួនទាំងថវិកាមូលនិធិ អង្គការដៃគូនានា ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍន៍និងធ្វើផែនការវិនិយោគ ដើម្បីបន្ស៊ីគ្នាជាមួយនឹងផែនការវិនិយោគ២០២៣-២០២៥កុំឲ្យជាន់គ្នា។

ឯកឧត្តម ចាន់ តារា បានបញ្ជាក់បន្ថែមថា កាលណាយើងធ្វើផែនការបានច្បាស់លាស់ ហើយមិនមានការត្រួតស៊ីគ្នានោះវាអាចជួយទាក់ទាញនិងកៀរគរមូលធន ព្រមទាំងអង្គការដៃគូនានាឲ្យសហការចាប់យកនិងទទួលសំណើរដើម្បីឲ្យសម្រេចតាមផែនការអទិភាព និងផែនការមេរបស់យើងផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ដែលបានការកសាង ផែនការកម្មវិធីវិនិយោគពិតជាមានសារៈសំខាន់ណាស់ ក្រោយពីក្រុមប្រឹក្សាអនុម័ត ដើម្បីចាត់ចែងនិងប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាល បានវិភាគប្រចាំឆ្នាំក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ ការចាត់ចែងនិងប្រើប្រាស់ថវិកានេះត្រូវពិចារណាឲ្យ បានគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាននូវគោលបំណង គោលដៅអទិភាព ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំដែលក្រុមប្រឹក្សាបានរៀបចំ ដើម្បីសម្របសម្រួល និងបន្សីគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគ ស្រុកជាមួយនឹងគម្រោងនៃកម្មវិធីវិនិ យោគឃុំ  និងពង្រឹងកិច្ចសហការរវាងរដ្ឋបាល ស្រុក ជាមួយរដ្ឋបាលឃុំ  អង្គការដៃគូ និងភាគីពាក់ព័ន្ឋ នានា។