មន្ត្រីជំនាញនិងអាជ្ញាធរថា ក្រុមហ៊ុន KP MORN DANY Land & House អត់ច្បាប់និងលេងឆៅ ខណ:ក្រុមហ៊ុននេះសម្ភោធគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋានបញ្ឆោតទីតាំង

បន្ទាយមានជ័យ :មន្ត្រីជំនាញសុរុយោដី ជំនាញសំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ អត់មានច្បាប់នៅឡើយទេ ហើយលេងឆៅតែម្តងក្នុងការបើកគម្រោងអាជីវកម្មនិងលក់គម្រោងខ្លួន។
ទោះជាយ៉ាងនេះក្តី ក៏នៅរាត្រីថ្ងៃទី១១ខែធ្នូឆ្នាំ២០២២ បាននាំនូវការប្រគុំតន្ត្រីដ៏ធំមួយ ។
ហើយនៅថ្ងៃទី១២ខែធ្នូ ក្រុមហ៊ុននេះបានសម្ភោធគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋានដ៏ឧឡារឹកគគ្រឹកគគ្រេងមែនទែននៅបន្ទាយមានជ័យ – ក្រុងប៉ោយប៉ែត ឬជាក់ស្តែងផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ(ភូមិ/ឃុំទឹកថ្លា)-ស្រុកអូរជ្រៅ(ភូមិសាលាក្រហមឃុំសំរោង) តែបញ្ឆោតថា នៅក្រុងប៉ោយប៉ែត ។

លោកស្រីម៉ន ដានី និងដៃគូបុរសជនជាតិថៃរបស់លោកស្រី បានប្រកាសអបអរសាទរថ្ងៃបើក សម្ភោធគម្រោង ផ្ទះវីឡាទោល និង ដីលំនៅឋាន បន្ទាយមានជ័យ – ក្រុងប៉ោយប៉ែត ជាផ្លូវការ។
ដោយថាថ្ងៃនេះ ក្រុមហ៊ុន ជូនកាដូរ មហាពិសេស ទិញ1ថែមជូន1 ក្នុងតម្លៃត្រឹមតែ២៤.០០០ដុល្លាសរអា ទទួលចុះឈ្មោះ ១០នាក់ដំបូង ។
ក្នុងការប្រកាស ក្រុមហ៊ុនបង្ហាញពីគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋានជាង១ម៉ឺនឡូតិ៍ លើផ្ទៃដីរជាច្រើនហិចតា ។

ឯនៅលើផ្ទាំងនិងសន្លឹកផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុននេះបានសរសេេអក្សរធំៗ លេចច្បាស់នៅផ្នែកខាងលើក៏មានគម្រោងដីអាជីវកម្ម ដែលដាក់ថា “គម្រោងដីអាជីវកម្ម បើកថ្មីនៅក្រុងប៉ោយប៉ែត ” ។
“គម្រោង១៥.០០០ឡូតិ៍ជាប់ផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត “.ដែលមានគម្រោងផ្សារ ,រោងចក្រ, ហាងទំនិញ ,ចំណតឡានក្រុង ជាដើម .។
ប៉ុន្តែបានសរសេរអក្សរតូច ព៌ណមិនសូវលេចនៅចុងផ្នែកខាងក្រោមថា វាស្ថិតនៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ(ជាប់ព្រំប្រទល់ស្រុកអូរជ្រៅ) ហើយភ្ជាប់នឹងលេខទូរស័ព្ទជាច្រើនខ្សែសម្រាបទំនាក់ទំនង ។

ករណីនេះ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសំណង់ប្រាប់កាសែតកាលពីថ្ងៃទី១២ខែធ្នូថា : “គម្រោងលក់ដីល្វែងនិងផ្ទះម៉ន ដានីនេះ លេងឆៅតែម្តង។ មិនមានការអនុញ្ញាតិច្បាប់ទេ មិនមានសុំអីទាំងអស់។ អីក៏អត់ៗ “.។
លោកអនុប្រធានបានបន្តថា : ករណីអង្កន់ដីល្វែងកណ្តាលភ្នែកមហាជននេះលោកប្រធានមន្ទីរ(អាង ណារឹទ្ធ)បានបញ្ជូនមន្ត្រីអោយចុះពិនិត្យនិងធ្វើរបាយណ៍សុំគោលការណ៍រដ្ឋបាលខេត្តដើម្បីបិទសកម្មភាពតែម្តង។

សូមរំលឹកដែរថា កាលពីថ្ងៃទី០៥ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោក ប៉ង់ រ៉ុម ប្រធានការិយាល័យដែនដី នគរោបនីយកម្មនិងសំណង់(ដ.ន.ស )បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ ចុះត្រួតពិនិត្យការដ្ឋានសំណង់ គម្រោងសាងសង់ អគារពាក់កណ្តាលភូមិគ្រឹះ និងផ្ទះល្វែង របស់ឈ្មោះ ម៉ន ដានី (សមត្ថកិច្ចក្រសួង) ដែលក្រឡាផ្ទៃសរុប ៨៤០០០ ម៉ែត្រក្រឡា (ជាង៨ហិចតា)ស្ថិតនៅភូមិទឹកថ្លា សង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកបានធ្វើរបាយការណ៍ជូនលោកប្រធានមន្ទីរពីការដ្ឋានសំណង់បានសាងសង់របស់ឈ្មោះ ម៉ន ដានី ដោយគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ។
មានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ តែគ្មានវិស្វករប្រចាំការដ្ឋាន ។
ឯក្រុមជាងម៉ៅការសាងសង់ពុំមានច្បាប់ប្រកបអាជីវកម្មសាងសង់ឡើយ។

ចំពោះគម្លាតនគរូបនីយកម្មដែលក្រុមការងារចុះពិនិត្យឃើញថា
គម្លាតខាងមុខៈ ៥ ម៉ែត្រពីព្រំដី ។ គម្លាតខាងក្រោយៈ ១ ម៉ែត្រពីព្រំដី
គម្លាតខាងស្តាំៈ ១ ម៉ែត្រពីព្រំដី ។គម្លាតខាងឆ្វេងៈ ១ ម៉ែត្រពីព្រំដីជាដើម ។

ចំណែកលោករ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសុរិយោដីប្រាប់កាសែតថ្ងៃទី១២ខែធ្នូដែរថា: គម្រោងក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ នេះ មានទីតាំងនៅក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ (មិនមែននៅក្រុងប៉ោយប៉ែតដូចដែលក្រុមហ៊ុមប្រកាសប្រាប់អតិថិជន)ទេ។
លោកបន្ត:ថា បន្ថែមលើនោះ គម្រោងនេះ មិនមានការស្នើសុំច្បាប់មកការិយាល័យភូមិបាលនិងផ្នែកជំនាញនៃមន្ទីរនៅឡើយទេ ។
ពោលគឺអត់ច្បាប់ទាំងលើ :ទី១-ការបំបែកក្បាលដី ទី២- ការស្នើសុំប្តូរប្រភេទដី(ពីដីស្រែទៅដីលំនៅឋាននិងសំណង់។ទី៣- ខេត្តក៏មិនសុំ ។ក៏មិនសុំច្បាប់ដល់ក្រសួងផងដែរ ។

ចំណែកលោកអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលោកអភិបាលក្រុងសិរីសោភ័ណ បានប្រាប់កាសែតកន្លងមកថា : គម្រោងដីធ្លីមួយនេះ ខាងក្រុមហ៊ុនមិនទាន់បានបំពេញបែបបទ ឯកសារអីមកដល់អាជ្ញាធរនៅឡើយទេ។
ទោះយ៉ាងណា អាជ្ញាធរបានលើកទឹកចិត្តដល់អ្នកវិនិយោគ អោយមករកស៊ីនៅក្នុងខេត្ត ប៉ុន្តែចាំបាច់ត្រូវតែសុំគោលការណ៍ច្បាប់ ។

ឆ្លើយតបបន្ថែមលើគម្រោងនេះ ប្រភពស្និទនឹងលោកស្រីម៉ម ដានី បានប្រាប់កាសែតរថ្ងៃទី១២ខែធ្នូថា : ម៉ន ដានី លក់ដីឡូតិ៍ នេះ បានខិតខំផ្សព្វផ្សាយ ជម្រុញការលក់(ប្រូម៉ូស៊ិន)តាមច្រើនមធ្យោបាយនិងប្រភេទក្នុងបំណងអោយលក់ដីឡូតិ៍និងផ្ទះ វីឡាដោយបង់កក់ បង់រំលោះ និងបង់ផ្តាច់អោយបានដំណើរសិន។ប្រភពបន្តថា : ប៉ុន្តែជាក់ស្តែង ក៏លក់មិនទាន់សូវដាច់នៅឡើយដែរ ។ហេតុនេះ ការស្មើគោលការណ៍និងច្បាប់ ត្រូវរង់ចាំពិនិត្យមើលសន្ទុះនៃដំណើរការទីផ្សាររបស់គម្រោងសិន សឹមសុំជាក្រោយ ៕ដោយ៖ឃិន គន្ធា