អភិបាលស្រុកតាំងគោក សំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដើម្បីកាត់បន្ថយសេវាចំណាយរបស់ខ្លួន

(កំពង់ធំ)÷ ការរាតត្បាតនៃជម្ងឺកូវីដ១៩ នាឆ្នាំ២០២០ និង២០២១ កន្លងមកព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួនបានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយ ឥតគិតថ្លៃគឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោកអភិបាលស្រុក រដ្ឋបាលស្រុកតាំងគោកបានសហការជាមួយក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលប្រតិបត្តិ បារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតឃុំពង្រ និងឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

នៅក្នុងឱ្យកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែលអាជ្ញាធរភូមិ ឃុំ ចុះជាសកម្មក្នុងមូលដ្ឋានដើម្បីក្តាបបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន ។

ក្នុងនោះផងដែរលោកក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។លោកក៏បានបន្តទៀតថាសកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឲ្យកៀកនិងប្រជាពលរដ្ឋព្រមទាំងជួយកាត់បន្ថយការលំបាករបស់ពួកគាត់។

លោក ហាក់ ម៉ុងហួត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅមណ្ឌលសុខភាពដែលក្បែរផ្ទះព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូន លោកយាយលោកតា ត្រូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមផ្សព្វផ្សាយពីបញ្ហាសុខភាពបន្ថែមនៅក្នុងសហគមន៍ ដើម្បីឲ្យជៀសផុតពីជំងឺអាសន្នរោគផ្សេងៗ។

សូមបញ្ជាក់ថា៖ ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង ៧និង៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ ។ដោយការរាយណ៍ពីការពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតា បាន៥២៨នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀត៕