ទិវាជនពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ÷(ពិការភាពទាំងអស់ មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ)ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២

(កំពង់ធំ)÷ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងស្រុក កងកម្លាំងទាំងបី និងសហការី ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាជនពិការភាពចំនួន៣២៣ បានអញ្ជើញចូលរួមក្នុងទិវាជនពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ÷(ពិការភាពទាំងអស់ មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ)ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅស្រុកសន្ទុកខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

      លោក លី សុភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំ បានលើកឡើងពី ពិធីប្រារព្ធទិវាជនមានពិការភាពឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្រ្តីមេម៉ាយ កុមារកំព្រា ហើយមរតកនៃសង្គ្រាមនេះបានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើន រាយប៉ាយពាសពេញផ្ទៃប្រទេស។ ពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើន នៅខេត្តស្វាយរៀង។ ក្រៅពីនោះ ប្រជាជនកម្ពុជាក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមាន ពិការភាពដូចជា គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។

       ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត បានមានប្រសាសន៍ថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ត្រូវប្រារព្ធ ក្រោមប្រធានបទ “ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ”។ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ ណែនាំប្រព័ន្ធឃោសនារដ្ឋ និងឯកជនឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានយល់ជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា។ រៀបចំពិធីជួបសំណេះសំណាលជាមួយជនមានពិការភាព កម្មវិធីកម្សាន្ដសប្បាយរបស់ជនមានពិការភាពនៅតាមអង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួនតាមគន្លងបរិបទថ្មីកូវីដ-១៩។ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធី មិស្ទឹងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនមានពិការភាពនៅរាជធានីភ្នំពេញ។ 

       ជាចុងក្រោយឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត បានផ្ដាំផ្ញើ សូមឪពុកម្ដាយគ្រប់រូបមេត្តាយកចិត្តទុកដាក់និងលើកទឹកចិត្តដល់ជនពិការភាព បន្តថែរក្សា និងផ្ដល់ចំណីអាហារ ជម្រកដល់គាត់ក្នុងការរស់នៅ បានគ្រប់គ្រាន់ដូចក្មេងដទៃ។ ពិសេសបើគាត់មានបញ្ហាសុខភាពសូមនាំគាត់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពនៅជិតក្នុងមូលដ្ឋានរបស់គាត់។ ចៀសវាងកុំប្រើអំពើហិង្សាទៅលើកុមារពិការភាពបណ្ដាលឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងដល់អាយុជីវិតផងដែរ។ នាំកុមារពិការភាពទាំងអស់ទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមឱ្យរដ្ឋបាលស្រុក និងរដ្ឋបាលឃុំបន្តផ្សព្វផ្សាយពីការឆ្លងទន្លេដែលស្រ្តីមានផ្ទៃពោះទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដើម្បីសុវត្ថិភាពដល់ទារកឱ្យមានសុខភាពល្អ។