ការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទទៅលើស្ត្រីនិងកុមារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រីនិងកុមារ ដោយការបំពានផ្លូវភេទ និងវិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួម វគ្គផ្សព្វផ្សាយកិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រីនិងកុមារ ដោយការបំពានផ្លូវភេទ វិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព កម្មវិធីផ្សព្វផ្សាយនេះក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់ ស្ថិតនៅភូមិប្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

លោក យិន ប៊ុនរ័ត្ន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានលើកឡើងថា ត្រូវបង្កើនសកម្មភាពអប់រំផ្សព្វផ្សាយ ត្រូវបានធ្វើឡើងតាមគ្រប់មធ្យោបាយមានជាអាទិ៍ ការផ្សព្វផ្សាយតាមកម្មវិធីវិទ្យុ ទូរទស្សន៍ ប្រព័ន្ធបណ្តាញសង្គម ការចុះផ្សព្វផ្សាយអប់រំតាមវេទិកាសាធារណៈ នៃគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ គិតក្នុងរយៈពេល១០ខែកន្លងមកនេះ តាមរបាយការណ៍ ដែលលេខាធិការដ្ឋាន បានបូកសរុបមកពីបណ្តាក្រុមការងារទាំង៦ និងអង្គការដៃគូ ចុះអប់រំផ្សព្វផ្សាយផ្ទាល់ សរុបបានចំនួន២២៣លើក មានអ្នកចូលរួមសរុបចំនួន ១៧.០៥៧នាក់ ស្រី ១១,៦៩០នាក់។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំដោះស្រាយបញ្ហា ដែលជះឥទ្ធិពលពីវិបត្តិកូវីដ-១៩ គួបផ្សំនឹងផលប៉ះពាល់ នៃវិបត្តិសេដ្ឋកិច្ចពិភពលោក និងគ្រោះធម្មជាតិ ដែលបានយាយីនៅគ្រប់ទីកន្លែង។ ជាពិសេស ចំពោះការធ្វើសមាហរណកម្មពលករ ដែលបានវិលត្រឡប់ពីប្រទេសគោលដៅ ប្រមាណ៣០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកដែលចាកចេញពីភូមិស្រុក រយៈពេលយូរ ខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព ឱ្យទទួលបានស្ថានភាពល្អប្រសើរ មានការងារ មុខរបរជាប្រក្រតី និងទទួលបានសេវាសង្គម ទាំងឡាយដូចប្រជាពលរដ្ឋដទៃទៀត ។

លោកជំទាវក៏បានបន្តទៀតថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ កន្លងទៅស្ថានភាពនៃអំពើជួញដូរមនុស្ស មានភាពល្អប្រសើរ ដោយអាត្រានៃបទល្មើសបានថយចុះ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ។ស្ថានភាពទូទៅ បានរៀបរយល្អប្រសើរហើយចំពោះសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បែរជាកើតមានបទល្មើសថ្មី លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបង្កឡើងដោយឧក្រិដ្ឋជនមួយចំនួន ដែលសម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ក្នុងអាជីវកម្ម បន្លំភ្នែក ដោយប្រើប្រាស់ឱកាសដ៏ល្អ ។ សកម្មភាពឧក្រិដ្ឋប្រឆាំងនឹងសិទ្ធិមនុស្ស ឧក្រិដ្ឋជនបានប្រព្រឹត្ត សកម្មភាពឃោរឃៅទៅលើជនរងគ្រោះ ដោយពលកម្ម ដោយបង្ខំ ការឆបោកតាមប្រព័ន្ធអនឡាញ ការអូសទាញជនងាយរងគ្រោះពីក្រៅប្រទេសដើម្បីបង្ខំឱ្យបម្រើសកម្មភាពឆបោកខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ។

លោកជំទាវ លំ គន្ធារី បានផ្ដាំផ្ញើសូមអ្នកដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយច្បាប់ ខិតយកចិត្តទុកដាក់ក្នុងការស្តាប់ អំពីការធ្វើបទបង្ហាញរបស់វាគ្មិន និងចូលរួមចំណែកក្នុងការលុបបំបាត់ រាល់អំពើជួញដូរមនុស្សគ្រប់ទម្រង់។សូមឱ្យតាមបណ្តាអាជ្ញាធរក្នុងស្រុក ត្រូធ្វើការផ្សព្វផ្សាយអំពីអំពើ ហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស វិធីសាស្ត្រចំណាកស្រុកដោយសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋនៅ តាមតំបន់គោលដៅរៀងៗខ្លួន ដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកក្នុងការងារនេះទាំងអស់គ្នាឱ្យបានល្អប្រសើរបំផុត។