មន្ត្រីមួយចំនួនទម្លាយរឿងមិនប្រក្រតីមួយចំនួន របស់លោក កាំង លាង ប្រធានសាខាគយខេត្តសៀមរាប

0

មន្ត្រីជាន់ខ្ពស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា បើទោះបីជាមានរឿងអាស្រូវពុករលួយ ស្អុយច្រាស់ខ្យល់យ៉ាងណាក៏ដោយ បន្ទាប់ពីកាន់តំណែងប្រមាណជា ២ឆ្នាំមកនេះ គឺលោក កាំង លាង ប្រធានសាខាគយខេត្តសៀមរាប នៅតែបន្តកាន់តំណែងដដែល ដោយគ្មានការផ្លាស់ប្តូរទៅណានោះទេ ដោយការមិនផ្លាស់ប្តូរដោយសារតែមានខ្នងបង្អែកនៅពីក្រោយ។ប្រភពមន្រ្តីគយនៅខេត្តសៀមរាប បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករម្ពុជា ទើបប្រធានសាខាគយខេត្តសៀមរាប អាចរក្សាតំណែងនេះបាន ទោះបីជាមានរឿងអាស្រូវ ពុករលួយយ៉ាងណាក៏ដោយ។ បច្ចុប្បន្ន លោក កាំង លាង និងមន្ត្រីរបស់ខ្លួនមួយចំនួន នៅប្រមូលលុយតាមរបៀបពុករលួយដោយគ្មានខ្លាចញញើតអ្វីឡើយ។

ជាមួយគ្នានេះ មន្ត្រីគយនៅខេត្តសៀមរាប បានសំណូមពរឲ្យថ្នាក់លើ គួរពិនិត្យឡើងវិញខ្លះ ចំពោះរឿងអាស្រូវអំពើពុករលួយ របស់លោក កាំង លាង និងរួមទាំងបក្ខពួកមួយចំនួន ដែលជាមនុស្សរបស់លោក កាំង លាង គឺកើតមានជាច្រើនឆ្នាំហើយ។ ជាពិសេសធ្វើការបក្ខពួកនិយម ធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង និងបានធ្វើឲ្យមន្ត្រីមួយចំនួនធំ មានការមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក កាំង លាង ។

ចំណែកមន្ត្រីពាក់ព័ន្ធនៅខេត្តសៀមរាប បានបង្ហើបឲ្យដឹងដែរថា ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ពីច្រកព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ចូលខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប ជាប្រភពចំណូលដ៏សំខាន់ របស់លោក កាំង លាង។ សូម្បីតែឈ្មួញដែលដឹកជញ្ជូនទំនិញបង់ពន្ធនាំចូលរួចហើយ ក៏ចៀសមិនផុតពីត្រូវបង់លុយលើតុក្រោមតុ តាមការកំណត់របស់លោក កាំង លាង នោះដែរ។

ទាក់ទងករណីខាងលើនេះ លោក កាំង លាង ប្រធានសាខាគយខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយបានទេ៕